រឿងក្តីដែលកើតមានក្នុងរដ្ឋបាលដែនដីខេត្តត្បូងឃ្មុំត្រូវប្រគល់ឲ្យសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមជាសមត្ថកិច្ច

យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យមួយលេខនស/រកត/០៦១៤/៨០៤ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ត្រាស់បង្គាប់ប្រគល់ភារកិច្ចឲ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មានសមត្ថកិច្ចដោះស្រាយរឿងក្តីទាំងឡាយដែលកើតមានឡើងនៅក្នុងរដ្ឋបាលដែនដីខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ជូនថា ខេត្តត្បូងឃ្មុំដែលមានក្រុងចំនួន១ឈ្មោះក្រុងសួង និងស្រុកចំនួន៦ មានឈ្មោះស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់ ដែលកាត់ចេញពីខេត្តកំពង់ចាមនោះ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អតីតអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងអតីតជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៦២៩ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ។
សាលាដំបូងខេត្តកំពង់ចាម គឺមានលោក នៅ យ៉ារ័ត្ន ជាប្រធាន (ផ្ទេរភារកិច្ចមកពីប្រធានសាលាដំបូងខេត្តបាត់ដំបង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤) និងមានលោក ហួត វុទ្ធី ជាព្រះរាជអាជ្ញាអមសាលាដំបូង(ផ្ទេរភារកិច្ចមកពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៧/៦៦៤ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៧) ៕
Source from: www.dtn7.com