ស្ត្រី​ជា​ប្រពន្ធ​ប៉ូលិស​ម្នាក់​លេងល្បែង​ក្នុង​កាស៊ីណូ​ចាញ់​អស់ប្រាក់​ប្រើ​ល្បិច​ថា​ចោរប្លន់​យក​ប្រាក់​ ធ្វើ​ឲ្យ​ប៉ូលិស​វិលក្បុង​

ស្ត្រី​ជា​ប្រពន្ធ​ប៉ូលិស​ម្នាក់​លេងល្បែង​ក្នុង​កាស៊ីណូ​ចាញ់​អស់ប្រាក់​ប្រើ​ល្បិច​ថា​ចោរប្លន់​យក​ប្រាក់​ ធ្វើ​ឲ្យ​ប៉ូលិស​វិលក្បុង​

​ស្ត្រី​ចិត្តខ្លាំង​ជា​ប្រពន្ធ​ប៉ូលិស​ម្នាក់​ បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​នគរបាល​រវល់​វិលក្បុង​អស់​កន្លះ​ថ្ងៃ​ ដោយសារ​ខ្លួន​ខ្លាច​ប្តី​រករឿង​ ព្រោះ​បាន​យក​ប្រាក់​និង​គ្រឿងអលង្ការ​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាញ់​អស់រលីង​ ក៏​បែកគំនិត​ប្រើ​ល្បិច​ថា​ មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​ចំនួន​៤​នាក់​ចូល​មក​ប្លន់​ដល់​ក្នុងផ្ទះ​ និង​ទូរស័ព្ទ​ប្រាប់​ទៅ​ប្តី​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទួល​ពង្រ​កំពុង​ប្រចាំការ​នៅ​ប៉ុស្តិ៍​ឲ្យ​វិល​ត្រឡប់​មក​ផ្ទះ​ជា​បន្ទាន់​ ព្រោះ​មាន​ចោរប្លន់​យក​ទ្រព្យសម្បត្តិ​អស់ហើយ​ ។​

​ប្រពន្ធ​ប៉ូលិស​ដែល​ចិត្តខ្លាំង​ហ៊ាន​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​រហូត​អស់ប្រាក់​ពី​ខ្លួន​ និង​ហ៊ាន​ប្រើ​ល្បិច​ភូតភរ​ប្តី​ដែល​ជា​សមត្ថកិច្ច​ផង​ និង​កុហក​សមត្ថកិច្ច​ផង​បែប​នេះ​ មានឈ្មោះ​ ហា​យ​ សារី​ អាយុ​៣២​ឆ្នាំ​ និង​មាន​ប្តី​ឈ្មោះ​ ស្រី​ កែវ​ អាយុ​៥៦​ឆ្នាំ​ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទួល​ពង្រ​ រស់នៅ​ក្នុងភូមិ​ទួល​ពង្រ​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ម៉ា​ឡៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ក្រោយ​ពី​ទទួល​ដំណឹង​ថា​ មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដល់​ក្នុងផ្ទះ​រួច​មក​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ទៅ​ដល់​គោលដៅ​តែ​ម្តង​ ដោយ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​ ហា​យ​ សារី​ បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ក្នុង​ជំហាន​បឋម​ថា​ ខ្លួន​ត្រូវ​ចោរប្លន់​យក​អស់​នូវ​កាត​គ្រី​រថយន្ត​១,​អត្តសញ្ញាណប័ណ្ណ​១,​ ខ្សែ​ក​មាស​១​ខ្សែ​,​ ខ្សែដៃ​មាស​១​ខ្សែ​,​ ប្រាក់​ខ្មែរ​ជាង​៣​លាន​រៀល​ និង​ប្រាក់​ថៃ​ជាង​១​ម៉ឺន​បាត​ ។​

​លោក​វរសេនីយ៍ត្រី​ សៅ​ ប៊ុ​ន​ អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ ក្រោយ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​គ្រប់​ជ្រុងជ្រោយ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ រហូត​ដល់​ម៉ោង​១១​ព្រឹក​នា​ថ្ងៃ​ដដែល​ ទើប​ដឹង​ថា​ ស្ត្រី​ជា​ម្ចាស់ផ្ទះ​រូប​នោះ​ជា​អ្នក​ញៀន​ល្បែង​ជំពាក់​ប្រាក់​គេ​ច្រើន​ និង​កាត​គ្រី​រថយន្ត​យក​ទៅ​បញ្ចាំ​គេ​បាន​ប្រាក់​ទៅ​លេងល្បែង​ចាញ់​អស់​ ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ស្ត្រី​ឈ្មោះ​ ហា​យ​ សារី​ បាន​សារភាព​នូវ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ថា​ រឿងរ៉ាវ​ទាំងអស់​គឺជា​ការ​ប្រតិដ្ឋ​ឡើង​របស់​នាង​ ដោយសារ​លេងល្បែង​ចាញ់​អស់ប្រាក់​ ហើយ​ខ្លាច​ប្តី​ស្តីបន្ទោស​ ទើប​បង្កើត​ករណី​នេះ​ឲ្យ​ចលាចល​ឡើង​ ។​

​ករណី​ស្ត្រី​ជា​ប្រពន្ធ​ប៉ូលិស​លេងល្បែង​ក្នុង​កាស៊ីណូ​ចាញ់​អស់ប្រាក់​ប្រើ​ល្បិច​ភូតភរ​ប្តី​ និង​កុហក​សមត្ថកិច្ច​ថា​ មាន​ចោរប្លន់​ទ្រព្យសម្បត្តិ​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​អប់រំ​ និង​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​ ដោយ​មិន​បាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​អ្វី​ឡើយ​ ។​

​រឿងរ៉ាវ​ញៀន​ល្បែង​របស់​ស្ត្រី​ឈ្មោះ​ ហា​យ​ សារី​ ជា​ប្រពន្ធ​ប៉ូលិស​នេះ​ គឺជា​ព័ស្តុតាង​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ បន​ល្បែង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ខ្មែរ​ចូល​លេង​ បំពាន​ទៅ​លើ​បញ្ញត្តិ​របស់​រាជរដ្ឋាភិបាល​ ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ឈឺក្បាល​ហាលងៀត​ មាន​វិធានការ​ច្បាប់​ទៅ​លើ​ថៅកែ​កាស៊ីណូ​ទាំងនោះ​ទាល់តែ​សោះ​ ៕​

Poipet


Source from: www.dtn7.com

No comments:

Post a Comment