បុរសខ្លាំងទម្លាក់លុយជិត១លានដុល្លារឲ្យមេប្រឆាំងអំពើពុករលួយចាយវាយលើការងារចារកម្មនិងស៊ើបអង្កេតសម្ងាត់

នារយៈពេលកន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចទមា្លក់លុយជិត១លានដុល្លារអាមេរិក ជូនឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ទុកជាការបង្កើនលើខ្ទង់ចំណាយទូទាត់សោហ៊ុយក្នុងប្រទេសដែលជាខ្ទង់ចំណាយឲ្យចាយវាយក្នុងបេសកកម្មពិសេសចារកម្ម និងស៊ើបអង្កេតសម្ងាត់ ។
អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១៩៥អនក្រ.បក ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយបុរសខ្លាំងជានាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យផ្ទេរឥណទានថវិកាចំនួន៣.៦០០លានរៀល(ប្រមាណជិត៩០ម៉ឺនដុល្លារអាមេរិក)ពីជំពូក៦០(ការទិញ)ចំនួន៣.៣៥០លានរៀល និងជំពូក៦១(សេវាខាងក្រៅ)ចំនួន២៥០លានរៀល មកជំពូក៦២(សេវាខាងក្រៅផ្សេងៗ) ជូនអង្គភាពប្រឆាំងអំពើពុករលួយសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ដើម្បីបង្កើនលើខ្ទង់ចំណាយទូទាត់សោហ៊ុយក្នុងប្រទេស ដែលជាខ្ទង់ចំណាយបេសកកម្មពិសេសចារកម្ម និងស៊ើបអង្កេតសម្ងាត់របស់អង្គភាពមួយនេះ ។
អនុលោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ អនុម័តដោយអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាសុទ្ធសាធ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១១១៣/០១៥ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ គឺបានអនុម័តខ្ទង់ចំណាយថវិកាជាតិជូនអង្គភាពប្រឆាំងអំពើពុករលួយចំនួន២៩.៧៨២,៩លានរៀល(ប្រមាណជាង៧លានដុល្លារអាមេរិក) ។
មជ្ឈដ្ឋានអ្នកឃ្លាំមើលកិច្ចការសង្គមនៅកម្ពុជា និងមជ្ឈដ្ឋានប្រជាពលរដ្ឋ បានធ្វើការរិះគន់ទៅលើស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយសព្វថ្ងៃនេះថា គឺជាស្ថាប័នមិនមានឯករាជ្យភាពពិតប្រាកដ សូម្បីតែប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺឯកឧត្តម ឱម យ៉ិនទៀង ក៏មានតួនាទីជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាច ក្រោមការគ្រប់គ្រងរបស់បុរសខ្លាំងដែរ និងម្យ៉ាងទៀតកណ្តាប់ដៃរបស់អង្គភាពប្រឆាំងអំពើពុករលួយអាចមានលទ្ធភាពចាត់ការបានតែទៅលើមន្ត្រីរាជការ ឬក្រុមហ៊ុនពុករលួយកម្រិតតូចតាច និងបក្ខពួកដទៃប៉ុណ្ណោះ ។ ដោយឡែក មន្ត្រីរាជការធំៗគ្រាក់ៗដែលស្និទ្ធនឹងបុរសខ្លាំង ផ្តល់ផលប្រយោជន៍ឲ្យបុរសខ្លាំង ឬក៏តួអង្គបុរសខ្លាំងតែម្តង ក្នុងករណីមានបាតដៃប្រឡាក់ប្រឡូសក្នុងអំពើពុករលួយ គឺអង្គភាពប្រឆាំងអំពើពុករលួយដែលមានប្រធានត្រឹមកម្រិតឋានៈស្មើទេសរដ្ឋមន្ត្រី មិនហ៊ានក្អកគ្រហែមឡើយ ។ ដូច្នេះ ការចំណាយថវិកាជាតិដោយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា មិនមានតុល្យភាពទៅនឹងប្រសិទ្ធភាពការងាររបស់អង្គភាពមួយនេះទាល់តែសោះ ដែលនាំឲ្យខាតបង់ថវិកាជាតិឥតប្រយោជន៍ក្នុងកម្រិតភាគច្រើន ៕
Source from: www.dtn7.com
No comments:
Post a Comment