ម្ចាស់​កាំភ្លើង​រង​របួស​ព្រោះ​កាំភ្លើង​ខ្លួនឯង​ក្នុង​រឿង​សងសឹក​គំនុំ​ចាស់​មិន​បាន​សម្រេច​

ម្ចាស់​កាំភ្លើង​រង​របួស​ព្រោះ​កាំភ្លើង​ខ្លួនឯង​ក្នុង​រឿង​សងសឹក​គំនុំ​ចាស់​មិន​បាន​សម្រេច​

​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ព្រឹក​នា​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ នៅ​ចំណុច​ផ្លូវ​លេខ​១០៥​ ក្បែរ​ហាង​កាហ្វេ​ដា​លីង​ ឋិត​ក្នុង​សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ មាន​មនុស្ស​ចំនួន​២​ក្រុម​ បាន​បើក​ឆាក​វាយ​ប្រយុទ្ធ​គ្នា​តាម​ដងផ្លូវ​សាធារណៈ​ ដោយ​ភាគី​ម្ខាង​ដក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់​ ប៉ុន្តែ​ត្រូវ​ភាគី​ម្ខាង​ទៀត​ដណ្តើម​កាំភ្លើង​បាន​ពី​គូសត្រូវ​ រួម​ក៏​វាយ​ទៅ​លើ​ដៃគូ​ឲ្យ​បែក​មុខ​បែក​មាត់​ ហូរ​ឈាម​ស្រោច​ខ្លួន​ ត្រូវ​បាន​ដឹក​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ ខណៈ​ដែល​រថយន្ត​ចំនួន​២​គ្រឿង​ទៀត​ក៏​បាន​ទទួល​រង​ការ​ខូចខាត​ផង​ដែរ​ក្នុង​សាច់​រឿង​ឆាកប្រយុទ្ធ​គ្នា​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​មនុស្ស​មួយ​ក្រុម​ចំនួន​៥​ទៅ​៦​នាក់​បាន​ចូល​មក​អង្គុយ​ហូប​គុយទាវ​ បបរ​នៅ​កន្លែង​កើតហេតុ​ ។​ មួយសន្ទុះ​ក្រោយមក​ មាន​មនុស្ស​មួយ​ក្រុម​ទៀត​បើករថយន្ត​ទំនើប​ម៉ាក​ Ford​ ពណ៌​ស​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2P-2919​ មាន​គ្នីគ្នា​ចំនួន​៣​ទៅ​៤​នាក់​ មក​ឈប់​នៅ​ទីតាំង​កើតហេតុ​នេះ​ដែរ​ ហើយ​ក្នុង​នោះ​មាន​បុរស​ម្នាក់​ពាក់អាវ​ខ្មៅ​ បាន​ដក​កាំភ្លើងខ្លី​ចេញ​មក​បាញ់​គំរាម​ចំនួន​២​គ្រាប់​ តែ​មិន​មាន​អ្នក​រង​របួស​ទេ​ គ្រាន់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ប៉ុណ្ណោះ​ ។​ ភ្លាមៗ​នោះ​ ភាគី​ដែល​ចូល​មក​អង្គុយ​ហូប​គុយទាវ​ បបរ​ នៅ​កន្លែង​កើតហេតុ​មុន​ នាំ​គ្នា​រត់​ដេញចាប់​បុរស​ខ្មាន់កាំភ្លើង​ និង​ដណ្តើម​កាំភ្លើង​បាន​ រួច​ក៏​នាំ​គ្នា​វាយ​ទៅ​លើ​ជន​បង្កហេតុ​វិញ​ បណ្តាល​ឲ្យ​បែក​មុខ​ បែក​មាត់​ហូរ​ឈាម​ស្រោច​ខ្លួន​ និង​ក៏​បាន​ហៅ​បក្ខពួក​មក​បន្ថែម​ទៀត​វាយ​កម្ទេច​ទៅ​លើ​រថយន្ត​ចំនួន​២​គ្រឿង​ ដែល​ចត​នៅ​ខាង​មុខ​ផ្ទះ​លក់​កង់​ ម៉ូតូ​ រថយន្ត​ប្រើ​អា​គុយ​ក្មេង​លេង​យីហោ​ ពេញចិត្ត​ គឺ​មួយ​គ្រឿង​ម៉ាក​ Highlander​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2X-7626​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ TOYOTA​ Camry​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2O-3525​ ឲ្យ​រង​ការ​ខូចខាត​ផង​ដែរ​ រួច​ហើយ​នាំ​គ្នា​បើករថយន្ត​ និង​ទោចក្រយានយន្ត​គេចខ្លួន​អស់​បាត់​ស្រមោល​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា​ ករណី​ទំនាស់​នេះ​អាច​ជា​មនុស្ស​ស្គាល់គ្នា​ ហើយ​ធ្លាប់​បង្កទំនាស់​ជាមួយ​គ្នា​ពី​មុន​មក​ ទើប​អាច​មានរឿង​សងសឹក​គំនុំ​ចាស់​ តែ​មិន​បាន​សម្រេច​ បាន​ត្រឹម​ម្ចាស់​កាំភ្លើង​ទ្រោម​ខ្លួន​រង​របួស​ព្រោះតែ​កាំភ្លើង​ខ្លួនឯង​ ។​

​នៅ​កន្លែង​កើតហេតុ​ឆាក​ឈុត​ប្រយុទ្ធ​គ្នា​នោះ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា​ បាន​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​ និង​សម្បក​គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់​ ព្រមទាំង​រថយន្ត​ដែល​រង​ការ​ខូចខាត​ចំនួន​២​គ្រឿង​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា​ ដើម្បី​ទុកជា​មូលដ្ឋាន​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ត​ទៀត​ ៕​

photo-03 image(4)image(2)image(1)photo-1s


Source from: www.dtn7.com

No comments:

Post a Comment