ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​រថយន្ត​ដោយ​ជង់​នឹង​ចម្រឹង​ដែក​រនាំង​ទ្រូង​ថ្នល់​ព្រោះតែ​និយាយ​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​

ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​រថយន្ត​ដោយ​ជង់​នឹង​ចម្រឹង​ដែក​រនាំង​ទ្រូង​ថ្នល់​ព្រោះតែ​និយាយ​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​

​បុរស​ម្នាក់​មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​ក្នុង​រថយន្ត​នៅ​កន្លែង​កើតហេតុ​ ដោយសារ​តែ​និយាយ​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​គ្មាន​ឧបករណ៍​ភ្ជាប់​ទំនាក់ទំនង​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​រនាំង​ដែក​ចែក​ខណ្ឌ​ទ្រូងផ្លូវ​បាក់​អស់​ចំ​នួ​៨​ផ្ទាំង​ រួច​ត្រូវ​ចម្រឹង​ដែក​រនាំង​ទ្រូង​ថ្នល់​នោះ​ជង់​ចំ​ដើមទ្រូង​ នា​វេលា​ម៉ោង​០២​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ត្រង់​ចំណុច​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុងភូមិ​ប៉ប្រក​ខាងជើង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​បុរស​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​រថយន្ត​ ដោយ​ជង់​នឹង​ចម្រឹង​ដែក​រនាំង​ខណ្ឌ​ទ្រូងផ្លូវ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ មានឈ្មោះ​ ស៊ឹ​ម​ ផាត​ អាយុ​២២​ឆ្នាំ​ ជា​អ្នកបើកបរ​រថយន្ត​ មាន​ទីលំនៅ​ភូមិ​ផ្សិត​ប៉ោង​ ឃុំ​បឹង​ព្រៅ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ ។​ រីឯ​បុរស​ម្នាក់​ទៀត​ឈ្មោះ​ ស៊ឹ​ម​ តឿ​ អាយុ​២៧​ឆ្នាំ​ ត្រូវជា​បងប្រុស​ជន​រង​គ្រោះ​ រួម​ដំណើរ​ជាមួយ​គ្នា​ទទួល​រង​របួសស្រាល​ ។​

​ប្រភព​ព័ត៌មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង​(Ssang​ Yong)​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​តាកែវ​ 2A-1578​ បើកបរ​ពី​ខេត្តកោះកុង​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​ ដោយ​ដឹក​ផ្លែ​ឈើ​ពេញ​រថយន្ត​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ។​ ខណៈ​ពេល​កំពុង​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​គេ​ទូរស័ព្ទ​មក​ បុរស​អ្នកបើកបរ​រថយន្ត​រូប​នោះ​បាន​ឱន​យកដៃ​ចុច​ទទួល​ទូរស័ព្ទ​យក​មក​និយាយ​ រួច​ក៏​រេ​ចង្កូត​ទៅ​បុក​នឹង​រនាំង​ដែក​ខណ្ឌ​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៨​ផ្ទាំង​ ដោយ​៣​ផ្ទាំង​ដួល​រលំ​ និង​៥​ផ្ទាំង​ទៀត​អូស​តាម​រថយន្ត​ចម្ងាយ​ប្រមាណ​៣៥​ម៉ែត្រ​ បណ្តាល​ឲ្យ​ចម្រឹង​រនាំង​ដែក​ដែល​បុក​អូស​តាម​រថយន្ត​នោះ​ មក​ជង់​ចំ​ដើមទ្រូង​ជន​រង​គ្រោះ​ស្លាប់​ភ្លាមៗ​ក្នុង​រថយន្ត​តែ​ម្តង​ ។​ រីឯ​បងប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​ដែល​រួម​ដំណើរ​ជាមួយ​គ្នា​រង​របួសស្រាល​ ។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​ ដោយ​ឃាត់​រថយន្ត​បង្ក​ហេតុនេះ​យក​ទៅ​រក្សា​ទុក​នៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ទូទាត់​សំណង​រនាំង​ដែក​ខណ្ឌ​ទ្រូងផ្លូវ​ដែល​ខូចខាត​ ។​ ចំណែកឯ​សាកសព​បុរស​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ។​

​អនុលោម​តាម​មាត្រា​៩​ វាក្យខណ្ឌ​ទី​១២​ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ គឺ​បាន​ហាមប្រាម​ការ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​កំពុង​បើកបរ​យានយន្ត​ ។​ ទូរស័ព្ទ​អាច​ប្រើប្រាស់​បាន​បើ​មាន​ឧបករណ៍​ភ្ជាប់​ទំនាក់ទំនង​ ឬ​ត្រូវ​ឈប់​យានយន្ត​ ដើម្បី​ប្រើ​ទូរស័ព្ទ​ ។​

​ដូច្នេះ​ សូម​ប្រិ​យ​មិត្ត​អ្នក​អាន​ដែល​បើកបរ​យានយន្ត​តាម​ផ្លូវគោក​ទាំងអស់​ មេត្តា​ចូលរួម​គោរព​ប្រតិបត្តិ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ និង​បើកបរ​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​បញ្ជៀ​ស​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ ពីព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ គឺជា​ឃាតក​លាក់​មុខ​ដ៏​សាហាវឃោរឃៅ​បំផុត​ ៕​

SenChey-(3)SenChey-(2)SenChey-(1)


Source from: www.dtn7.com

No comments:

Post a Comment