បែកធ្លាយរឿងអាស្រូវទំនាស់ផ្ទៃក្នុងរបស់ស្ថានីយ៍ទូរទស្សន៍ CTN និង CNC របស់អ្នកឧកញ៉ា គិត ម៉េង ក្នុង Facebook

រយៈពេលកន្លងផុតទៅជិតមួយសបា្តហ៍ហើយ ដែលរឿងអាស្រូវទំនាស់ផ្ទៃក្នុងរបស់ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីឈ្មោះ គឺ CTN និង CNC របស់អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា វិនិយោគជាមួយក្រុមហ៊ុនបរទេស ត្រូវបានក្រុមអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជាមិនចាញ់ទូរទស្សន៍នោះ យកមកលាតត្រដាងជាសាធារណៈតាមរយៈការ Share ចែកចាយបន្តៗគ្នា ពាក់ព័ន្ធនឹងតួអង្គលោក ហ៊ុយ វណ្ណៈ អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី យកកាំភ្លើងខ្លីភ្ជង់ក្បាលលោក រស់ ឌីណា ព្រោះតែរឿងកំហឹងទាស់ពាក្យសម្តី ធ្វើឲ្យផ្អើលដល់អ្នកឧកញ៉ា គិត ម៉េង ចេញមុខសម្របសម្រួល ។
ប្រិយមិត្តអ្នកលេង Facebook បានផ្សព្វផ្សាយឲ្យដឹងថា រឿងរ៉ាវទំនាស់ផ្ទៃក្នុងនោះបានកើតឡើងកាលពីថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០១៤កន្លងមក ខណៈបុគ្គលិកម្នាក់នៅការិយាល័យ CTN ក្រោមការគ្រប់គ្រងរបស់លោក នូវ សម្ផស្ស បានទៅទំនាក់ទំនងយកសម្ភារៈមួយនៅការិយាល័យ CNC គ្រប់គ្រងដោយលោក ហ៊ុយ វណ្ណៈ ហើយត្រូវបានបុគ្គលិកនៅការិយាល័យ CNC ស្តីបន្ទោសឲ្យ ដោយប្រើភាសាគំហ៊កខ្លាំងៗ ក៏កើតមានករណីឈ្លោះគ្នាបែកផ្សែង ។ ក្រោយមកបុគ្គលិក CTN រូបនោះបានរៀបរាប់ប្រាប់អំពីដំណើររឿងដល់លោក រស់ ឌីណា ជាអនុប្រធានការិយាល័យ នាំឲ្យលោក ហ៊ុយ វណ្ណៈ មានកំហឹងដាក់លោក រស់ ឌីណា ដោយចោទប្រកាន់ថា មិនឲ្យកូនចៅលើកទូរស័ព្ទរបស់ខ្លួន និងក៏ឈានទៅដកកាំភ្លើងខ្លីចេញពីអាវធំភ្ជង់ក្បាលលោក រស់ ឌីណា តែម្តង ។
ក្រុមអ្នកលេង Facebook បាន Post ព័ត៌មានបញ្ជាក់ទៀតថា រឿងរ៉ាវទំនាស់ផ្ទៃក្នុងរវាងបុគ្គលិក និងអ្នកគ្រប់គ្រង CNC និង CTN នោះ ត្រូវបានអ្នកឧកញ៉ា គិត ម៉េង ចេញមុខសម្របសម្រួលនៅថ្ងៃបន្ទាប់ គឺថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីបញ្ចប់បញ្ហា ប៉ុន្តែអ្នកឧកញ៉ា គិត ម៉េង បានបង្គាប់បញ្ជាឲ្យក្រុមការងារលុបរូបវីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាពចោលឲ្យអស់ ។
ដំណឹងពីអ្នកលេង Facebook បានចោទប្រកាន់ទៅលើលោក ហ៊ុយ វណ្ណៈ ថា ជាប្រភេទមនុស្សមហាអំនួត ដោយសារចេះក្បាច់គុនអែបអបអ្នកឧកញ៉ា គិត ម៉េង ។ លើសពីនេះ អំណាចរបស់លោក ហ៊ុយ វណ្ណៈ បានក្រឡុកទៅលើតួនាតីរបស់លោក នូវ សម្ផស្ស គ្របលើការងាររបស់លោក សោម ឆាយ៉ា និងប៉ះពាល់ដល់កម្មវិធីគ្រប់គ្រងដោយឯកឧត្តម ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ទន្ទឹមនឹងមានព័ត៌មានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម Facebook នេះដែរ គឺអ្នកលេង Facebook បានប្រាប់ឲ្យដឹងថា ក្រោយពេលបែកធ្លាយនូវរឿងអាស្រូវយកកាំភ្លើងខ្លីភ្ជង់ក្បាលលោក រស់ ឌីណា នោះ លោក ហ៊ុយ វណ្ណៈ បានចាត់ចែងឲ្យបងប្អូន និងមនុស្សជំនិតរបស់ខ្លួនរត់ការបិទមាត់ អ្នកចងដៃអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនមិនឲ្យនិយាយ និងសរសេរទម្លាយពីរឿងអាស្រូវនេះទៀតផង ជាថ្នូរនឹងប្រាក់ពី៤០០ដុល្លារអាមេរិកទៅ៥០០ដុល្លារអាមេរិក ។
គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំធ្វើការបំភ្លឺបញ្ជាក់ពាក់ព័ន្ធនឹងរឿងរ៉ាវអ្នកលេង Facebook ផ្សព្វផ្សាយនេះទេពីលោក ហ៊ុយ វណ្ណៈ និងលោក រស់ ឌីណា ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង បាននៅឡើយ ៕
Source from: www.dtn7.com
No comments:
Post a Comment