រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បដិសេធ​ព័ត៌មាន​ថា​ បាន​ទិញ​រថយន្ត​ទំនើប​ម៉ាក​ Rolls​ Royce​ តម្លៃ​ជិត​១​លាន​ដុល្លារ​

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បដិសេធ​ព័ត៌មាន​ថា​ បាន​ទិញ​រថយន្ត​ទំនើប​ម៉ាក​ Rolls​ Royce​ តម្លៃ​ជិត​១​លាន​ដុល្លារ​

​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​កាសែត​ក្នុងស្រុក​មួយ​ ដែល​ចោទប្រកាន់​ថា​ ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​"​ទិញ​រថយន្ត​ទំនើប​ម៉ាក​ Rolls​ Royce​ តម្លៃ​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​"​ ហើយ​បាន​បញ្ជាក់​ថា​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ ជា​ព័ត៌មាន​ភូត​កុហក​បំផ្លើសការពិត​ មាន​ចេតនា​មួលបង្កាច់​ និង​បង្ខូច​កិត្តិយស​ដែល​បាន​បំពាន​លើ​គោលការណ៍​គ្រឹះ​ជា​សារវន្ត​ នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ជា​សាធារណៈ​ និង​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​ ក៏​ដូច​ជា​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ ។​ លើស​ពី​នេះ​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា​ ការ​ចុះ​ផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​ និង​គ្មាន​មូលដ្ឋាន​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​ដូច​ជា​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​ ដែល​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​សារព័ត៌មាន​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ចុះ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ មិន​បាន​បញ្ជាក់​ប្រាប់​អំពី​ឈ្មោះ​កាសែត​ក្នុងស្រុក​ដែល​ចុះ​ផ្សាយ​អត្ថបទ​ព័ត៌មាន​ប៉ះពាល់​ដល់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ រឿង​ទិញ​រថយន្ត​ទំនើប​ម៉ាក​ Rolls​ Royce​ តម្លៃ​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ឡើយ​ ។​ ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា​ មាន​គេហទំព័រ​សារព័ត៌មាន​មួយ​ឈ្មោះ​ មនសិការ​ខ្មែរ​ មាន​ឯកឧត្តម​ ដាំ​ សិទ្ធិ​ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ ជា​អ្នកគ្រប់គ្រង​ ធ្លាប់​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ទិញ​រថយន្ត​ទំនើប​ម៉ាក​ Rolls​ Royce​ នេះ​ កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​មក​ ។​

​ព័ស្តុតាង​ជាក់ស្តែង​ ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌​មានឈ្មោះ​ មនសិការ​ខ្មែរ​ ទាក់ទង​នឹង​ការ​ចោទប្រកាន់​ទៅ​លើ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថា​ បាន​"​ទិញ​រថយន្ត​ទំនើប​ម៉ាក​ Rolls​ Royce​ តម្លៃ​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​"​នោះ​ ត្រូវ​បាន​លុប​ទិន្នន័យ​ចោល​ចេញពី​គេហទំព័រ​បាត់​ទៅ​ហើយ​ គ្រាន់តែ​បាន​សេសសល់​នូវ​ចំណងជើង​អត្ថបទ​ និង​ខ្លឹមសារ​អត្ថបទ​ខ្លី​បន្តិចបន្តួច​នៅ​ក្នុង​គេហទំព័រ​មួយទៀត​ឈ្មោះ​ KHMER-NEWS.ORG​ ដែល​ផ្សាយ​បន្ត​ផ្ទាល់​ពី​គេហទំព័រ​សារព័ត៌​មានឈ្មោះ​ មនសិការ​ខ្មែរ​ តែ​ប៉ុណ្ណោះ​ ៕​

MEF-Release-copyMoneaksekar-Khmer-On-Ponmonyrat-1Moneaksekar-Khmer-On-Ponmonyrath


Source from: www.dtn7.com

No comments:

Post a Comment