ក្រុមជម្រើសជាតិដែលនឹងបន្តប្រកួតនៅវគ្គ៨ក្រុមក្នុង World Cup 2014

ការប្រកួតសម្រាប់វគ្គ១៦ក្រុមក្នុង World Cup 2014 នៅប្រទេសប្រេស៊ីល ដែលជាគូចុងក្រោយបង្អស់នោះបានបញ្ចប់រួចហើយ គឺក្រុមជម្រើសជាតិអាហ្សង់ទីនបានផ្តួលក្រុមជម្រើសជាតិស្វីសក្នុងលទ្ធផល(១-០)នៃម៉ោងបន្ថែម និងក្រុមជម្រើសជាតិប៊ែលហ្ស៊ិកបានឈ្នះក្រុមជម្រើសជាតិអាមេរិកក្នុងលទ្ធផល(២-១)នៃម៉ោងបន្ថែមដូចគ្នា ។ ដូច្នេះ ក្រុមជម្រើសជាតិអាហ្សង់ទីន(Argentina) និងក្រុមជម្រើសជាតិប៊ែលហ្ស៊ិក(Belgium)ត្រូវបន្តប្រកួតជាមួយគ្នានៅវគ្គ៨ក្រុមតទៅទៀត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤ខាងមុខ ខណៈដែលក្រុមជម្រើសជាតិស្វីស(Switzerland)និងក្រុមជម្រើសជាតិអាមេរិក(USA) ហាលអាវដឹកដៃគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។
ក្រុមជម្រើសជាតិដែលនឹងបន្តប្រកួតនៅវគ្គ៨ក្រុមក្នុង World Cup 2014 តទៅទៀត រួមមាន ៖
១-ក្រុមជម្រើសជាតិប្រេស៊ីល(ជាម្ចាស់ផ្ទះ) ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិកូឡុំប៊ី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ ។
២-ក្រុមជម្រើសជាតិបារាំង ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ ។
៣-ក្រុមជម្រើសជាតិហូល្លង់ ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិកូស្តារីកា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤ ។
៤-ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិប៊ែលហ្ស៊ិក នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤ ។
សូមបញ្ជាក់ជូនថា បើក្រុមជម្រើសជាតិណាមួយទទួលបានជ័យជម្នះឆ្លងផុតវគ្គ៨ក្រុម ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ នឹងទទួលបានទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិកបន្ថែមទៀត ក្រោយការទទួលបានទឹកប្រាក់ចំនួន៩លានដុល្លារអាមេរិកពេលឈ្នះការប្រកួតជម្រុះក្នុងពូល និង១៥លានដុល្លារអាមេរិកពេលឈ្នះក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយរួចមក ពីសហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ(FIFA) ៕
Source from: www.dtn7.com