មន្ត្រី​ទម្លាយ​រឿងអាស្រូវ​ពុក​រលួយ​របស់​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ស្ពឺ​ថា​បាន​កិបកេង​លុយ​ជាតិ​ជិត​១០​ម៉ឺន​ដុល្លារ​

មន្ត្រី​ទម្លាយ​រឿងអាស្រូវ​ពុក​រលួយ​របស់​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ស្ពឺ​ថា​បាន​កិបកេង​លុយ​ជាតិ​ជិត​១០​ម៉ឺន​ដុល្លារ​

​ប្រធាន​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ខេត្តកំពង់ស្ពឺ​ គឺ​លោក​ លុយ​ ឡុំ​ និង​គូកន​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​ក្រុម​មន្ត្រីរាជការ​ក្រោម​ឱវាទ​បរិហារ​ចោទប្រកាន់​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ កិបកេង​ថវិកាជាតិ​មិន​តិច​ជាង​៣០០​លាន​រៀល​ឡើយ​ ក្នុង​ថវិកា​ជំពូក​៦៥​ លើ​ការ​ចំណាយ​សម្រាប់​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ជាង​៦២៩​លាន​រៀល​នៅ​ឆ្នាំ​២០១៣​កន្លង​ទៅ​ ខណៈ​ដែល​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ខេត្តកំពង់ស្ពឺ​នេះ​បាន​ចំណាយ​ថវិកាជាតិ​អស់​ចំនួន​ជាង​១៦​ពាន់​លាន​រៀល​(​ក្នុង​នោះ​ថវិកា​ជំពូក​៦៥​មាន​ចំនួន​ជិត​១.០០០​លាន​រៀល​)​ ។​

​ក្រុម​មន្ត្រី​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ខេត្តកំពង់ស្ពឺ​ បាន​ចំណាយ​ថវិកាជាតិ​សរុប​អស់​ចំនួន​១៦.១៥៧.៧៥១.៥១០​រៀល​ ដោយ​ក្នុង​នោះ​ជំពូក​៦០​មាន​ចំនួន​១៧៧.២៤៩.៦១០​រៀល​,​ ជំពូក​៦១​ មាន​ចំនួន​១០៨.៦១០.០០០​រៀល​,​ជំពូក​៦២​ មាន​ចំនួន​២៩.៩៨០.០៨០​រៀល​,​ ជំពូក​៦៤​ មាន​ចំនួន​១៤.៨៥២.៩២៩.៨២០​រៀល​ និង​ជំពូក​៦៥​ មាន​ចំនួន​៩៨៨.៩៨២.០០០​រៀល​ ។​

​ក្នុង​ជំពូក​៦៥​ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំណាយ​ចំនួន​៩៨៨.៩៨២.០០០​រៀល​នោះ​ គឺ​ចំណាយ​សម្រាប់​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​អស់​ចំនួន​៦២៩.៧១៧.៧០០​រៀល​ និង​ចំណាយ​សម្រាប់​ឧបត្ថម្ភ​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​ និង​នីតិសម្បទា​ អស់​ចំនួន​២៤៩.៧៧៥.៣០០​រៀល​ ។​ ក្រុម​មន្ត្រី​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណាយ​លើ​ការ​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​ ដែល​មាន​ចំនួន​៦២៩.៧១៧.៧០០​រៀល​នោះ​ គឺ​គ្រាន់តែ​ជា​តួលេខ​បំប៉ោង​ខ្ទង់ចំណាយ​ ដើម្បី​យក​មក​ចែក​គ្នា​ចាយវាយ​ប៉ុណ្ណោះ​ រីឯ​ការ​ពិត​ជាក់ស្តែង​ មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ស្ពឺ​នេះ​ បាន​ចំណាយ​ទឹកប្រាក់​ក្នុង​កម្មវិធី​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​អស់​ចំនួន​តិចតួច​បំផុត​ ហើយ​ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​ និង​បក្ខពួក​កិបកេង​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​អស់​ចំនួន​មិន​តិច​ជាង​៣០០​លាន​រៀល​ឡើយ​(​ប្រមាណ​៧៥.០០០​ដុល្លារ​អា​មេ​រិ​ក​)​ ។​

​មន្ត្រីរាជការ​ក្រោម​ឱវាទ​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ខេត្តកំពង់ស្ពឺ​ បាន​និយាយ​ពេញៗ​មាត់​ថា​ បើ​ចង់​ដឹង​រឿងរ៉ាវ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ស្ពឺ​ ឈ្មោះ​ លុយ​ ឡុំ​ នោះ​ សូម​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ផ្ទាល់​ នឹង​ឃើញ​ការ​ពិត​ជាក់ស្តែង​មិន​ខាន​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ កាល​ជំនាន់​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ កាន់កាប់​មុខ​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​នោះ​ គឺ​ចាប់តាំងពី​ក្រសួង​រហូត​មក​ដល់​ថ្នាក់​មន្ទីរ​សង្គមកិច្ច​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​នានា​ មានរឿង​អាស្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កិបកេង​ថវិកាជាតិ​យ៉ាង​ល្បី​សុះសាយ​ ដល់​ថ្នាក់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ តាម​ទារ​លុយ​ពុក​រលួយ​ពី​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ទៀត​ផង​ ខណៈ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​អំណាច​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មិន​មាន​វិធានការ​ក្តៅ​ក្នុង​រឿង​ពុក​រលួយ​នេះ​ទាល់តែ​សោះ​ ៕​

Loy-Lom


Source from: www.dtn7.com

No comments:

Post a Comment