មេធាវី​គ្រោង​ដាក់​បណ្តឹងតវ៉ា​ឲ្យ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ក្លាយជា​សមាជិក​គណៈមេធាវី​ឡើងវិញ​

មេធាវី​គ្រោង​ដាក់​បណ្តឹងតវ៉ា​ឲ្យ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ក្លាយជា​សមាជិក​គណៈមេធាវី​ឡើងវិញ​

​ព្រោះតែ​រឿង​ជួយ​ឈឺឆ្អាល​ដល់​ក្រុម​ប្រជារាស្ត្រ​រស់នៅ​ភូមិ​កោះ​ក្បាន​កណ្តាល​ ឃុំ​សំរោង​ ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង​ ដែល​ប្រឈម​នឹង​ការ​បាត់បង់​ដីស្រែ​ចម្ការ​ ដោយសារ​ការ​បោះតម្រុយ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​ នា​អំឡុង​ចុងឆ្នាំ​២០០៩​ ក្នុង​នាម​ជា​អ្នកតំណាង​រាស្ត្រ​មួយ​រូប​នោះ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​កម្ពុជា​ចោទប្រកាន់​ និង​ផ្តន្ទាទោស​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​ កម្ពុជា​-​វៀតណាម​ និង​ការ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​ ប្រព្រឹត្ត​នៅ​ភូមិ​កោះ​ក្បាន​កណ្តាល​ ឃុំ​សំរោង​ ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង​ កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០០៩​ ។​

​ក្រោម​ទម្ងន់​នៃ​ការ​ផ្តន្ទាទោស​របស់​ស្ថាប័ន​តុលាការ​ខេត្តស្វាយរៀង​ ដែល​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ធ្លាប់​បាន​ចោទប្រកាន់​ថា​ ជា​តុលាការ​ក្រោម​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ពិតប្រាកដ​ឋិត​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​នោះ​ ធ្វើ​ឲ្យ​ឯកឧត្តម​ប្រធាន​គណបក្ស​នយោបាយ​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​លុបឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត​ និង​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥(២០១៣-២០១៨)​ និង​ក៏​ត្រូវ​បាន​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈមេធាវី​នៅ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​

​ដោយសារ​មានការ​សម្របសម្រួល​ខាង​ផ្នែក​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​អនុប្រធាន​គណបក្ស​ដ៏​មាន​ឥទ្ធិពល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ គឺ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​មានឈ្មោះ​ជា​ទណ្ឌិត​ ក៏​ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ត្រាស់​បង្គាប់​លើកលែងទោស​វិញ​ តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៨២៧​ ចុះ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ និង​បាន​ក្លាយជា​ឱកាស​ឲ្យ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ចូលរួម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ជួយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន​៥៥​នៅ​ក្នុង​អាសនៈ​រដ្ឋសភា​នីតិកាល​ទី​៥​សរុប​ចំនួន​១២៣​ ។​

​កាលពី​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ សម្រេច​ទទួលស្គាល់​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​រួច​ហើយៗ​ក៏​ត្រូវ​បាន​រដ្ឋសភា​ប្រកាស​ទទួលស្គាល់​ជា​តំណាង​រា​ស្ង្រ​ខេត្តកំពង់ចាម​ តាម​ប្រកាស​លេខ​១៧៤​ រស​ ចុះ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

​ដោយឡែក​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​ជា​អតីត​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​១០៨(​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នា​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​១៩៩៧)​មួយ​រូប​ ហើយ​ត្រូវ​បាន​ក្រុមប្រឹក្សា​គណៈមេធាវី​សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈមេធាវី​នា​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៣​ ព្រោះតែ​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​នោះ​ មិន​ទាន់​ត្រូវ​បាន​ក្រុមប្រឹក្សា​គណៈមេធាវី​សម្រេច​ឲ្យ​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើង​វិញ​នៅឡើយ​ទេ​ ។​

​លោក​មេធាវី​ ជូ​ង​ ជូ​ងី​ អត្តលេខ​៣០០​ ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៧​ និង​ជា​រឿយៗ​តែងតែ​ធ្វើ​ជា​មេធាវី​តំណាង​សិទ្ធិ​ និង​ការពារ​ក្តី​ឲ្យ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ នោះ​ បាន​មាន​ប្រសាសន៍​ប្រាប់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ នៅ​វេលា​ល្ងាច​នា​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ថា​ លោក​គ្រោង​នឹង​រៀបចំ​សំណុំ​ឯកសារ​ដាក់​សំណើ​ឲ្យ​ក្រុមប្រឹក្សា​គណៈមេធាវី​ប្រជុំ​សម្រេច​បញ្ចូល​ឈ្មោះ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ នៅ​ពេល​ខាង​មុខ​ឆាប់ៗ​ ហើយ​លោក​សង្ឃឹមថា​ សំណើ​នេះ​នឹង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ ពីព្រោះ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​ជា​អតីត​សមាជិក​គណៈមេធាវី​ អត្តលេខ​១០៨​ មិន​មានឈ្មោះ​ជា​ទណ្ឌិត​ ឬ​មាន​កំហុសឆ្គង​ដូច​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​អ្វី​ទៀត​ឡើយ​ ៕​

Sam-Rainsy-LawyerSam-Rainsy-28-07-Letter Sam-Rainsy-Nec


Source from: www.dtn7.com

No comments:

Post a Comment