អីយ៉ា! ក្រុមហ៊ុនប្រេងឥន្ធនៈសូគីម៉ិចរបស់អ្នកឧកញ៉ា សុខ គង់ ចាប់ផ្តើមបន្ថែមសេវាដឹកឈើគ្រញូងហើយតើ!

សេចក្តីរាយការណ៍ពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ០៨ និង ២០ នាទីព្រឹក នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤នេះ ក្នុងចំណុចភូមិសាស្ត្រកណ្តាលក្រុងនៃខេត្តឧត្តរមានជ័យតែម្តង កម្លាំងសមត្ថកិច្ចចម្រុះបានស្ទាក់ចាប់រថយន្តដឹកប្រេងឥន្ធនៈ១គ្រឿងរបស់ក្រុមហ៊ុន សូគីម៉ិច «SOKIMEX» ដែលគេស្គាល់ថា មានអ្នកឧកញ៉ា សុខ គង់ ជាថៅកែ ដែលលួចបង្កប់ដឹកឈើគ្រញូងចំនួនប្រមាណ២០តោន។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ គឺលោក ទៀង ដាវិទ្យ បានមានប្រសាសន៍ឲ្យដឹងថា ការណ៍ដែលនាំឈានទៅដល់ចាប់បង្ក្រាបរថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុន SOKIMEX នោះ គឺដោយមានបទបញ្ជាពីឯកឧត្តម ស ថាវី អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យឃើញរថយន្តដឹកប្រេងឥន្ធនៈ SOKIMEX នោះ មានដឹកបង្កប់សុទ្ធតែឈើគ្រញូងរាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់នៅមិនទាន់អស់ទៀត គឺអាចប៉ាន់ស្មានថា មានទម្ងន់សរុបប្រមាណ២០តោន។
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានឲ្យដឹងដែរថា ក្នុងពេលបំពេញបេសកកម្មបង្ក្រាបរថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុន SOKIMEX ដែលដឹកឈើគ្រញូងនោះ គឺអ្នកបើកបរបានរត់គេចខ្លួនបាត់។ ឈើគ្រញូងទាំងនោះគឺត្រូវបានគេដឹកចេញពីស្រុកត្រពាំងប្រាសាទឆ្លងកាត់ទីរួមខេត្តតែម្តង ហើយបានបង្កឲ្យមានការសង្ស័យទើបសមត្ថកិច្ចចម្រុះបង្ក្រាបបាន ដោយបច្ចុប្បន្នឈើគ្រញូង និងរថយន្ត ដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុន SOKIMEX មានពាក់ស្លាកលេខភ្នំពេញ3A-3451 នោះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅសាលាខេត្តឧត្តរមានជ័យរង់ចាំដោះស្រាយទៅតាមនីតិវិធីនៃច្បាប់។
ក្រុមអ្នករិះគន់មាត់ដាច បានលើកឡើងថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា សុខ គង់ អតីតប្រធានសភាពាណិជ្ជកម្មកម្ពុជា មានសេវាកម្មច្រើនគគោកដូចជា ប្រមូលលុយពីប្រាសាទអង្គរវត្ត សណ្ឋគារទំនើបនៅខេត្តព្រះសីហនុ រមណីយដ្ឋានឋានសួគ៌ភ្នំបូកគោ និងប្រេងឥន្ធនៈ… ។ល។ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុនប្រេងឥន្ធនៈ SOKIMEX របស់អ្នកឧកញ៉ា សុខ គង់ បានបន្ថែមសេវាកម្មថ្មីមួយទៀតគឺដឹកជញ្ជូនឈើគ្រញូង ដែលរាជរដ្ឋាភិបាលចេញបទបញ្ជាហាមឃាត់តែម្តង៕
Source from: www.dtn7.com
No comments:
Post a Comment