កូនប្រសារបស់បុរសខ្លាំងដែលធ្វើប៉ូលិសបានឡើងឋានៈផ្កាយ៣និងតែងតាំងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃ

ឈានចូលមកដល់ឆ្នាំ២០១៤នេះ លោកឧត្តមសេនីយ៍ទោ ឌី វិជ្ជា នាយនគរបាលជាតិជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អត្តលេខ០១២៧៨ ត្រូវជាកូនប្រុសសពនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ម៉ែន ភក្តី ហុក ឡងឌី ត្រូវជាស្វាមីលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍ទូរទស្សន៍-វិទ្យុបាយ័ន ថៅកែក្រុមហ៊ុនកម្ពុជាថ្មីប្រចាំថ្ងៃ(កាសែតកម្ពុជាថ្មី) និងក្រុមហ៊ុនជាច្រើនទៀតជាកូនស្រីច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាកូនប្រសារបស់បុរសខ្លាំង ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) និងក៏ត្រូវបានតែងតាំងមុខតំណែងថ្មីផងដែរជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃ ។
លោកឧត្តមសេនីយ៍ទោ ឌី វិជ្ជា នាយនគរបាលជាតិជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អត្តលេខ០១២៧៨ ជាកូនប្រសារបស់បុរសខ្លាំង ក្រៅពីមានតួនាទីជាអ្នកគ្រប់គ្រងក្រុមហ៊ុនជំនួញឯកជនជាច្រើនរាប់មិនអស់ លោកក៏ធ្លាប់កាន់មុខងារជានាយនគរបាលជាតិ ទទួលបន្ទុកផ្នែកចារកម្មព្រំដែន និងជាមេបញ្ជាការរងទទួលបន្ទុកកិច្ចការរួមកងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់ ។ ប៉ុន្តែឥឡូវនេះលោកឧត្តមសេនីយ៍ ឌី វិជ្ជា បន្ទាប់ពីបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)រួចមក ក៏ត្រូវបានតែងតាំងមុខតំណែងថ្មីជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ ដែលមុខតំណែងនេះត្រូវបានប្រកាសតែងតាំងរួចហើយកាលពីវេលាព្រឹកនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ម្សិលមិញ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ ។
បច្ចុប្បន្ន ទាំងកូនប្រុសច្បងបង្កើតរបស់បុរសខ្លាំងដែលធ្វើជាទាហាន ទាំងកូនប្រសារបស់បុរសខ្លាំង ដែលធ្វើជាប៉ូលិស គឺសុទ្ធតែបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)អស់ហើយ(លោក ហ៊ុន ម៉ាណែត ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ ជាកូនប្រុសច្បងបុរសខ្លាំង ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកកាលពីឆ្នាំ២០១៣ និងលោក ឌី វិជ្ជា នាយនគរបាលជាតិជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អត្តលេខ០១២៧៨ ជាកូនប្រសាបុរសខ្លាំង ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកនៅឆ្នាំ២០១៤) ៕
Source from: www.dtn7.com
No comments:
Post a Comment