មេធាវីជំរុញឲ្យសាលាឧទ្ធរណ៍លើកយករឿងក្តីប្អូនស្រីជីដូនមួយបុរសខ្លាំងដែលជាប់ចោទក្នុងបទព្រហ្មទណ្ឌមកជំនុំជម្រះ

ស្ត្រីជាឧកញ៉ាម្នាក់ឈ្មោះ ឌី ប្រឹម ត្រូវជាប្អូនស្រីជីដូនមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏មានអំណាច ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ០៦ខែ ពីបទសូកប៉ាន់ ខណៈដែលបុរសមានកម្រិតវប្បធម៌ថ្នាក់បណ្ឌិតម្នាក់ទៀតឈ្មោះ សេង យៀន អតីតជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអធិការកិច្ចក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច(ហៅកាត់ថាក្រសួងអធិការកិច្ច) ដែលឋិតក្នុងកញ្ចប់នៃសំណុំរឿងក្តីព្រហ្មទណ្ឌនេះដែរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៤ឆ្នាំ ០៦ខែ និងពិន័យជាប្រាក់ចំនួន៤ម៉ឺនដុល្លារអាមេរិក ពីបទស៊ីសំណូក តាមសាលក្រមព្រហ្មទណ្ឌលេខ១៣៥"កប៤" ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធនឹងការចុះអង្កេតស្រាវជ្រាវទំនាស់ដីធ្លីមួយកន្លែង ឋិតនៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ(អតីតខណ្ឌដង្កោ)រាជធានីភ្នំពេញ ធ្វើឲ្យលោកយាយមេម៉ាយអាយុជិត៧០ឆ្នាំម្នាក់ឈ្មោះ ហួត សារុំ រងគ្រោះបាត់បង់ដីធ្លីអស់ទំហំប្រមាណជាង៤ហិកតា ។
សាលក្រមព្រហ្មទណ្ឌលេខ១៣៥"កប៤" ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសបុរសឈ្មោះ សេង យៀន និងស្ត្រីឈ្មោះ ឌី ប្រឹម តែមិនបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួននោះ (ជនជាប់ចោទអវត្តមានក្នុងពេលសវនាការ) ត្រូវបានជនជាប់ចោទទាំង២នាក់ប្តឹងឧទ្ធរណ៍បន្តទៀត បង្កើតបានជាសំណុំរឿងព្រហ្មទណ្ឌលេខ៦២ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ របស់សាលាឧទ្ធរណ៍ ។
គិតរហូតមកទល់នឹងពេលនេះ មានរយៈពេលជាង២ឆ្នាំ ០៦ខែហើយ ប៉ុន្តែសាលាឧទ្ធរណ៍មិនទាន់បានលើកយកសំណុំរឿងក្តីដ៏រសើបពាក់ព័ន្ធប្អូនស្រីជីដូនមួយរបស់បុរសខ្លាំងជាជនជាប់ចោទនោះមកបើកសវនាការជំនុំជម្រះនៅឡើយ ជាហេតុធ្វើឲ្យជនជាប់ចោទទទួលបាននូវសេរីភាព ឋិតនៅក្រៅសំណាញ់ច្បាប់យ៉ាងហ៊ឺហា ។
កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ លោកមេធាវី កៅ ទី ជាមេធាវីតំណាងសិទ្ធិ និងការពារក្តីឲ្យលោកយាយ ហួត សារុំ ជាជនរងគ្រោះបាត់បង់ដីធ្លី បានដាក់លិខិតផ្លូវការមួយច្បាប់គោរពជូនលោកចៅក្រម ញូង ធុល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ ជំរុញឲ្យលើកយកសំណុំរឿងពុករលួយដែលមានឈ្មោះ សេង យៀន និងឈ្មោះ ឌី ប្រឹម ជាជនជាប់ចោទ មកបើកសវនាការជំនុំជម្រះ ដែលលិខិតជំរុញនេះគឺជាលិខិតលើកទី៣ហើយរបស់លោកមេធាវី កៅ ទី (លើកទី១ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ និងលើកទី២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤) ។
លោកមេធាវី កៅ ទី បានមានប្រសាសន៍ប្រាប់គេហទំព័រសារព័ត៌មានដើមត្នោតនៅវេលាព្រឹកនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤នេះថា "សំណុំរឿងក្តីពុករលួយនៅសាលាឧទ្ធរណ៍នេះមានរយៈពេលជិត៣ឆ្នាំហើយ ខណៈដែលជនជាប់ចោទត្រូវជាប្អូនស្រីជីដូនមួយនាយករដ្ឋមន្ត្រី ត្រូវបានរាជរដ្ឋាភិបាល និងស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញ ស៊ើបអង្កេតស្រាវជ្រាវរកឃើញ និងបានផ្តន្ទាទោសក្នុងបទល្មើសស៊ីសំណូក-សូកប៉ាន់ថែមទៀត ។ ដូច្នេះ សាលាឧទ្ធរណ៍គប្បីលើកយករឿងក្តីដ៏សំខាន់នេះមកបើកសវនាការជំនុំជម្រះក្នុងពេលវេលាដ៏សមគួរ មិនត្រូវអូសបន្លាយពេលវេលាយូរតទៅទៀតទេ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលបាត់បង់ដីធ្លី" ។
សូមរំលឹកជូនថា ការណ៍ដែលលោកបណ្ឌិត សេង យៀន និងលោកស្រី ឌី ប្រឹម មានសំណុំរឿងក្តី និងត្រូវបានស្ថាប័នតុលាការចោទប្រកាន់ ព្រមទាំងផ្តន្ទាទោសបែបនេះ គឺដោយសាររាជរដ្ឋាភិបាលបានអង្កេតស្រាវជ្រាវរកឃើញថា លោក សេង យៀន ធ្វើកិច្ចសន្យាយកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិកពីក្រុមប្រជាពលរដ្ឋ១២០គ្រួសារ តាមរយៈតំណាងរបស់ប្រជាពលរដ្ឋចំនួន១០នាក់ ដែលមានលោកស្រី ឌី ប្រឹម ជាអ្នកធ្វើជាជំហរចេញប្រាក់ ជាថ្នូរនឹងការអង្កេតស្រាវជ្រាវទំនាស់ដីធ្លីមួយកន្លែងឋិតនៅភូមិកាកាប សង្កាត់កាកាប ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ) រាជធានីភ្នំពេញ រវាងក្រុមប្រជាពលរដ្ឋ១២០គ្រួសារ និងលោកយាយមេម៉ាយម្នាក់ឈ្មោះ ហួត សារុំ នាំឲ្យរាជរដ្ឋាភិបាលសម្រេចចេញលិខិតលខ៣៨៩សជណ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី តាមការលើកយោបល់របស់លោកជំទាវ ម៉ែន សំអន អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអធិការកិច្ច (យោងតាមរបាយការណ៍របស់លោក សេង យៀន) ។
របាយការណ៍របស់លោកបណ្ឌិត សេង យៀន និងការលើកយោបល់របៀប"ចងមុង" របស់លោកជំទាវ ម៉ែន សំអន នាំឲ្យរាជរដ្ឋាភិបាលសម្រេចចេញលិខិតលេខ៣៨៩សជណ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បណ្តាលឲ្យលោកយាយ ហួត សារុំ បាត់បង់ដីធ្លីដែលគាត់បានកាន់កាប់ គ្រប់គ្រង និងអាស្រ័យផលចាប់តាំងពីឆ្នាំ១៩៧៩តរៀងមកទល់បច្ចុប្បន្នអស់ចំនួនជាង៤ហិកតាទាំងអយុត្តិធម៌ ។
ក្រោយមក រាជរដ្ឋាភិបាលតាមរយៈក្រសួងអធិការកិច្ចដែលមានលោកជំទាវ សោម គឹមសួគ៌ អតីតជារដ្ឋមន្ត្រី បានអង្កេតស្រាវជ្រាវរកឃើញកំហុសឆ្គងរបស់លោកបណ្ឌិត សេង យៀន គឺត្រូវបានរាជរដ្ឋាភិបាលសម្រេចបញ្ឈប់ការងារលោក សេង យៀន ទាំងស្រុងពីអគ្គនាយករងនៃអគ្គនាយកដ្ឋានធិការកិច្ច និងក្របខ័ណ្ឌមុខងារសាធារណៈ ព្រមទាំងបញ្ជូនសំណុំរឿងប្តឹងទៅស្ថាប័នតុលាការផ្តន្ទាទោសតាមច្បាប់ តាមស្មារតីលិខិតលេខ៨៩៤សជណ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានធ្វើការរិះគន់ទៅលើក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដោយក្រុមប្រឹក្សាជំនុំជម្រះនេះមិនសម្រេចចេញដីកាចាប់ខ្លួនជនជាប់ចោទឈ្មោះ សេង យៀន និងឈ្មោះ ឌី ប្រឹម ខណៈជនជាប់ចោទទាំង២នាក់អវត្តមាននាពេលសវនាការ និងជាប់ចោទពីបទស៊ីសំណូក-សូកប៉ាន់ ទាក់ទងគ្នា ព្រមទាំងផ្តន្ទាទោសដាក់ពន្ធនាគារកំណត់លើសពីមួយឆ្នាំដោយគ្មានការព្យួរទោសក៏ដោយ ។
លោកបណ្ឌិត សេង យៀន ត្រូវបានបញ្ចប់មុខតំណែងពីអគ្គនាយករងនៃអគ្គនាយកដ្ឋនាអធិការកិច្ច និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងអធិការកិច្ចជាស្ថាពរ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១២៧៩អនក្រ.តត ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ បន្ទាប់ពីបានតែងតាំងក្នុងមុខតំណែងជាអគ្គនាយករងអធិការកិច្ចនេះ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១០៥៦អនក្រ.តត ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៨ ។
លោកស្រី ឌី ប្រឹម ត្រូវជាប្អូនស្រីជីដូនមួយរបស់បុរសខ្លាំង ក្នុងខណៈដែលលោកស្រីមានឈ្មោះជាជនជាប់ចោទនៅស្ថាប័នតុលាការនៅឡើយ លោកស្រីបែរជាត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ឡាយព្រះហស្តលេខាតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/៧៥៧ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ទៅវិញ ៕
Source from: www.dtn7.com
No comments:
Post a Comment