យុត្តិធម៌មួយបានកើតមានឡើងហើយ ចំពោះជនជាប់ចោទចំនួន២នាក់ ដែលពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មលោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដ៏ល្បីឈ្មោះគឺលោក ប៊ន សំណាង និងលោក សុខ សំអឿន តាមការសម្រេចរបស់តុលាការកំពូលដែលបានបើកសវនាការជំនុំជម្រះនាពេលព្រឹកមិញនេះ
លោកប៊ន សំណាង និងលោកសុខ សំអឿន ជាជនជាប់ចោទទាំង២នាក់ ដែលបង្ហាញវត្តមាននៅក្នុងសវនាការរបស់តុលាការកំពូល និងក្រុមគ្រួសាររបស់ពួកគេបានសម្តែងនូវការរីករាយ និងអរគុណជាអនេក ចំពោះតុលាការកំពូលដែលបានកាត់ក្តីផ្តល់យុត្តិធម៌ឲ្យខ្លួន ដើម្បីទទួលបានសេរីភាពឡើងវិញ។
លោកជា មុនី ជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន និងជាតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានមានប្រសាសន៍ថា លោក សូមចូលរួមចំណែកអបអរសាទរចំពោះការកាត់ក្តីរបស់តុលាការកំពូលនាពេលព្រឹកនេះដែលបានសម្រេចលើកលែងចោទប្រកាន់ និងដោះលែងលោក ប៊ន សំណាង និងលោកសុខ សំអឿន ឲ្យមានសេរីភាពឡើងវិញ ប៉ុន្តែ លោកមិនបោះបង់ជាដាច់ខាតក្នុងការទាមទារឲ្យរាជរដ្ឋាភិបាលស្វែងរកឃាតកពិតប្រាកដ ដែលបានបាញ់សម្លាប់លោកជា វិជ្ជា កាលពីដើមឆ្នាំ២០០៤ យកមកផ្តន្ទាទោសតាមច្បាប់៕
Source from: www.dtn7.com

Loading...
Loading...