ថ្លែងនៅក្នុងសន្និសីទសាព័ត៌មាននាពេលព្រឹកនេះនៅទីស្នាក់ការកណ្តាលគណបក្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរចង់ឲ្យមានការស៊ើបអង្កេតត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតឲ្យដឹងការពិតថា តើគណបក្សនយោបាយណាជាអ្នកឈ្នះឆ្នោត និងថ្នាក់ដឹកនាំគណបក្សប្រឆាំងក៏បានចោទប្រកាន់ផងដែរថា គណបក្សប្រជាជនកម្ពុជាកំពុងគ្រប់គ្រងអំណាចតាមរបៀបផ្តាច់ការ ពីព្រោះអំណាចទាំងបីរបស់រដ្ឋត្រូវបានគណបក្សកាន់អំណាចគ្រប់គ្រងទាំងអស់ គឺទាំងអំណាចនីតិប្បញ្ញត្តិ ទាំងអំណាចនីតិប្រតិបត្តិ ទាំងអំណាចតុលាការ។
ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងឲ្យដឹងថា គណបក្សសង្គ្រោះជាតិរក្សាគោលការឲ្យមានការចរចាជាមួយគណបក្សប្រជាជនកម្ពុជាដោយយកផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត តាមរយៈការកែទម្រង់មកធ្វើការដោះដូរ គឺមិនមែនយកផលប្រយោជន៍បែងចែកអំណាច តួនាទីធ្វើជាថ្នូរទេ។
ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនិងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមបានមានប្រសាសន៍ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាកំពុងធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ពីព្រោះមិនមានឯកភាពជាតិ រំលោភរដ្ឋធម្មនុញ្ញនិងរំលោភបំពានលើគោលការណ៍ពហុបក្ស៕
Source from: www.dtn7.com

Loading...
Loading...