ខេត្តបាត់ដំបង ៖ យោងតាមដីកាបញ្ជា ឲ្យចូលខ្លួនលេខ ២៩ អយ របស់លោក ហ៊ឹង ប៊ុនថន តំណាងអយ្យការ អមសាលាដំបូង ខេត្តបាត់ដំបង ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ សមត្ថកិច្ចបាន ចាប់ឃាត់ខ្លួនបុរសម្នាក់ ជាឃាតកសម្លាប់ ប្រពន្ធរបស់ខ្លួន ពេលកំពុងអង្គុយ ហូបគុយទាវនៅភោជនីយដ្ឋាន ហាំងឡាយ ពីបទឃាតកម្មសម្លាប់ស្ត្រីមេម៉ាយកូន ២ ជាប្រពន្ធដើម ដែលជិតដល់ថ្ងៃការប្តីថ្មី កាលពីថ្ងៃទី១១ ខែក្កដា ឆ្នាំ២០១៣ នៅចំណុចភូមិឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
ជនជាប់ចោទឈ្មោះ ង៉ែត ស៊ីថា ត្រូវបានឃាត់ខ្លួន កាលពីម៉ោង ៩និង១០ នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចភោជនីយដ្ឋាន ហាំងឡាយ ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សូមបញ្ជាក់ថា មានករណីឃាតកម្ម លើស្ត្រីឈ្មោះ លឹម សារ៉ាន់ អាយុ ៣៨ ឆ្នាំ មេម៉ាយកូន ២ដែលមានប្តីឈ្មោះ ង៉ែត ថា អាយុ ៣៨ ឆ្នាំ ដែលលែងលះមិនទាន់ដាច់គ្នា។
ស្ត្រីរងគ្រោះបានដេកស្លាប់ លើគ្រែយ៉ាងអាណោចអាធ័ម និងអាថ៌កំបាំង នៅក្នុងបន្ទប់ ពេលដែលនាងបានចែក ធៀបការជិតដល់ថ្ងៃចូលរោងការ រៀបការប្តីថ្មី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣។ រហូតមកដល់រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ មានដីកាបង្គាប់ ឲ្យនាំខ្លួនឈ្មោះ ង៉ែត ស៊ីថា អាយុ ៣៤ ឆ្នាំ ដែលជាប្តីដើម ជនរងគ្រោះ មានស្រុកកំណើត ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង គ្មានទីលំនៅពិតប្រាកដ។
បុរសជាប់ចោទឈ្មោះ ង៉ែត ស៊ីថា បានសារភាពថា ខ្លួនបានរៀបការ ជាមួយប្រពន្ធឈ្មោះ លឹម សារ៉ាន់ បង្កើតបានកូនប្រុសស្រី ចំនួន ២ នាក់ ហើយនៅឆ្នាំ២០១២ ក៏បាន ចុះចោលប្រពន្ធ។ ឈ្មោះ ង៉ែត ស៊ីថា បានបន្តថា នៅខែមេសា ឆ្នាំ២០១៣ ខ្លួនបានទូរស័ព្ទណាត់ ប្រពន្ធទៅដេកផ្ទះសំណាក់ នៅក្រុងបាត់ដំបង ជាញឹកញាប់រួចបែកផ្លូវគ្នា ទៅធ្វើការ។
លុះដើមខែកក្កដា ឆ្នាំ២០១៣ ខ្លួនទទួលដំណឹងថា ប្រពន្ធមានគេចូលដណ្តឹង នឹងរៀបការឆាប់ៗ ក៏ទូរស័ព្ទទាក់ទងប្រពន្ធ ហើយណាត់ឲ្យមក បាត់ដំបងដេក នៅផ្ទះសំណាក់ ជិតរង្វង់មូលរូបសំណាក់ លោកតាដំបងគ្រញូង បានប្រហែល ១ ម៉ោងក៏ឲ្យ នាងទៅផ្ទះវិញ។ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឈ្មោះ ង៉ែត ស៊ីថា បានដឹកប្រពន្ធទៅផ្ទះ នៅភូមិរស្មីសង្ហា ពេលទៅដល់ផ្ទះ ក៏កើតរឿងឈ្លោះគ្នា។
ពេលនោះប្រពន្ធបានទះកំផ្លៀងមួយដៃ ឈ្មោះ ង៉ែត ស៊ីថា ក៏ចាប់នាងបោកទៅជ្រុងគ្រែ ហើយស្ទុះទៅច្របាច់កនាង រហូតដល់ដាច់ខ្យល់ស្លាប់ ទើបប្រលែង។ ក្រោយមកឈ្មោះ ង៉ែត ស៊ីថា បានដោះយក ខ្សែក ខ្សែដៃ ចិញ្ចៀនផ្លាទីន និងទូរស័ព្ទមួយគ្រឿង ជិះម៉ូតូមកដេកបាត់ដំបង បាត់ស្រមោល។ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្តង ៕
Source from: watphnom-news.com

Loading...
Loading...