លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងដឹកនាំគណៈប្រតិភូគណបក្ស រួមមាន អនុប្រធាន កឹម សុខា និងលោកស្រី ជូឡុង សូមួរ៉ា ទៅចូលរួមប្រជុំដោះស្រាយបញ្ហាជាតិ នៅថៃ្ងទី១៤ កញ្ញា ២០១៣ នៅព្រះបរមរាជវាំង តាមការកោះអញ្ជើញ របស់ព្រះមហាក្សត្រ។ នេះបើតាមការ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលបានសរសេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែកញ្ញានេះ។
យ៉ាងណាក៏ដោយ មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាង ថា ប្រសិនបើមិនមាន ការបង្កើតគណៈកម្មការចម្រុះ ដោះស្រាយបញ្ហាបោះឆ្នោតទេ ការចរចារឿងបែងចែកអំណាច មិនអាចមានទេ ហើយថា គណបក្សសង្គ្រោះជាតិ នឹងលើកបញ្ហានេះទៅព្រះមហាក្សត្រ និងសម្ដេចហ៊ុន សែន។ ចំណែក មហាបាតុកម្មរយៈពេល៣ថ្ងៃ នៅតែមាន បើទោះជាមានព្រះរាជសាររបស់ព្រះអង្គក៏ដោយ។
គួរបញ្ជាក់ថា ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី នៅថ្ងៃទី១២ ខែកញ្ញានេះ បានចេញព្រះរាជសារ ពីរដាច់ដោយឡែកពីគ្នា កោះអញ្ជើញ សម្ដេច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ចូលរួម ប្រជុំដោះស្រាយ បញ្ហាប្រទេសជាតិ នៅថ្ងៃសៅរិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៣ នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង។
ឆ្លើយតបភ្លាមៗនឹងព្រះរាជសារកោះអញ្ជើញ របស់ ព្រះបាទនរោត្តម សីហមុនី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញលិខិត យល់ព្រមចូលរួមប្រជុំ ។ លិខិតរបស់សម្តេច ហ៊ុន សែន បានបង្ហាញថានឹងដឹកនាំសហការីចំនួន២រូប គឺលោក សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា និង លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕(ដោយៈឃួន សុភ័ក្រ)
Source from: Vayofm

Loading...
Loading...