លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញានេះ បានដឹកដៃគ្នា ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅក្នុងខេត្តបាត់ដំបង ដើម្បីបង្ហាញពីជំហររបស់គណបក្សសង្គ្រោះជាតិ ក្នុងការធ្វើមហាបាតុកម្មអហិង្សា ជាលក្ខណៈទ្រង់ទ្រាយធំរយៈពេល៣ថ្ងៃ។
គួរបញ្ជាក់ ថា ខេត្តបាត់ដំបង ជាខេត្តចុងក្រោយហើយ ដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ ចុះជួបប្រជាពលរដ្ឋ បន្ទាប់ពីបានចុះជួបប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ដ-រាជធានីមួយចំនួនរួចមកហើយ ដូចជា ខេត្តកណ្ដាល រាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្តពោធិ៍សាត់ មុនពេលគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។
ជាបាតុកម្ម ដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អះអាង ថា ធ្វើឡើងដោយសន្ដិវិធី និងអហិង្សា ដើម្បីប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត និងទាមទារឲ្យបង្កើត គណៈកម្មការឯករាជ្យ ដោះស្រាយបញ្ហាបោះឆ្នោត។
យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១២ ខែកញ្ញា ផ្ញើរជូនសាលារាជធានីភ្នំពេញ ស្តីពីការអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្ម។ ជាលទ្ធផលក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មតែ១ថ្ងៃប៉ុណ្ណោះ ជាមួយនឹងលក្ខខណ្ឌចំនួន៤ចំណុច៕(ដោយៈឃួន សុភ័ក្រ)
Source from: Vayofm

Loading...
Loading...