ខេត្តកណ្តាល ៖ ក្រុមនគរបាលសេដ្ឋកិច្ច ខេត្តកណ្តាលឈរជើង លើផ្លូវជាតិលេខ២ និងលេខ៣ កំពុងសុខស្រួលក្នុងការ ជំរិតយកលុយពីអ្នករកស៊ី ដឹកជញ្ជូនទំនិញ ស្រេចតែអំពើចិត្ត ហើយប្រជាពលរដ្ឋបានអំពាវនាវ ឱ្យលោកអ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល ពិនិត្យមើលសកម្មភាព របស់មន្ត្រីនគរបាលសេដ្ឋកិច្ច ពុករលួយទាំងនោះជាបន្ទាន់ ព្រោះទង្វើរបស់ពួកគេ មិនខុសពីអារ.កក្តាម យកឈាមឡើយ។
ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារមន្ត្រីនគរបាលសេដ្ឋកិច្ច ជំរិតយកលុយបាន ត្អូញត្អែរថា មុខរបររបស់ពួកគាត់សព្វថ្ងៃនេះ ស្ទើរតែគ្មានផលចំណេញ ពីព្រោះនគរបាលសេដ្ឋកិច្ចទាំងនោះ មិនខុសពីឈ្លើងសង្គម ដែលចាំជញ្ជក់ឈាម ពួកគាត់នោះទេ។ ប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តតាកែវ បានឱ្យដឹងថាពួកគាត់រកស៊ី ដឹកកសិផល ដូចជាពោត សណ្តែក ត្រសក់ ល្ហុង ដំឡូង ល្ពៅ ដែលដាំតាមធម្មជាតិ យកមកលក់ក្នុងទីផ្សារ រាជធានីភ្នំពេញ គ្រាន់បានកម្រៃខ្លះ ដើម្បីដោះស្រាយ ជីវភាពប្រចាំថ្ងៃ។
ប៉ុន្តែនៅពេលពួកគាត់មកដល់ ទឹកដីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តាមផ្លូវជាតិលេខ២ មានជនមួយក្រុម ខ្លះស្លៀកពាក់ស៊ីវិល ខ្លះទៀតស្លៀកពាក់ ឯកសណ្ឋាននគរបាល បានដេញស្ទាក់រថយន្ត របស់ពួកគាត់ បង្ខំឱ្យបង់លុយ។ ក្រុមសមត្ថកិច្ចទាំងនោះ បានឱ្យដឹងថា ពួកគេគឺជាមន្ត្រី នគរបាលសេដ្ឋកិច្ច ខេត្តកណ្តាល ហើយបង្ខំឱ្យពួកគាត់ បង់លុយក្នុងមួយជើង ចាប់ពី ៤ ម៉ឺនរៀល ទៅ ១០ ម៉ឺនរៀល តាមរថយន្តធុនតូច ឬរថយន្តធុនធំ ដោយគ្មានការ យោគយល់អ្វីទាំងអស់។
ប្រជាពលរដ្ឋរងគ្រោះ បានឱ្យដឹងទៀតថា នគរបាលសេដ្ឋកិច្ច ខេត្តកណ្តាល ដែលឈរជើង លើផ្លូវជាតិលេខ២ ក៏ដូចជាផ្លូវជាតិលេខ៣ មិនដែលឃាត់រថយន្ត ដឹកទំនិញខុសច្បាប់ របស់ឈ្មួញធំៗនោះទេ។ ជាក់ស្តែងនៅពេលដែល រថយន្តរបស់ឈ្មួញធំៗ ដឹកទំនិញខុសច្បាប់ដូចជា មេស្រា ម្សៅមី គ្រឿងសំណង់ និងប្រេងសាំងគេចពន្ធ យ៉ាងអនាធិបតេយ្យ គឺនគរបាលសេដ្ឋកិច្ចទាំងនោះ ធ្វើជាមើលមិនឃើញ ដោយសារតែឈ្មួញទាំងនោះ មានទំនាក់ទំនង ជាមួយថ្នាក់លើ។
ក្រុមអ្នករកស៊ីដឹកទំនិញ ឆ្លងកាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ បានឱ្យដឹងថា មន្ត្រីនគរបាលសេដ្ឋកិច្ច ឈ្មោះ អ៊ិន ឆាវរ៉ា គឺជាអ្នកប្រព្រឹត្ត អំពើអាក្រក់ខ្លាំងជាងគេ ក្នុងការជំរិតយកលុយពី ប្រជាពលរដ្ឋ។ បុគ្គល អ៊ិន ឆាវរ៉ា ហៅបុ័ង ធ្វើអ្វីៗស្រេចតែអំពើចិត្ត ដើម្បីប្រមូលលុយ ដាក់ហោប៉ៅរបស់ខ្លួន និងបែងចែកទៅថ្នាក់លើ ដោយមិនគិតពី ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទន់ខ្សោយនោះឡើយ។ ចំណែកលោក អ៊ាវ ចំរើន និងស្នងការរង មួយចំនួនតែងតែ ធ្វើមិនដឹងមិនឮ ចំពោះអំពើពុករលួយពេញបន្ទុករបស់បុគ្គល អ៊ិន ឆាវរ៉ា ហៅបុ័ង៕
Source from: watphnom-news.com

Loading...
Loading...