ប្រេសិតពិសេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកពីប្រទេសអង់គ្លេស ចិន បារាំង រុស្ស៊ី និង សហរដ្ឋអាមេរិក កាលពីថ្ងៃពុធម្សិលមិញ បានបើកកិច្ចភាក្សាមួយស្តីអំពីវិបត្តិ សព្វាវុធគីមីស៊ីរី ។
កិច្ចប្រជុំនោះបានធ្វើឡើងនៅក្នុងទីក្រុងញ៉ូយ៉កសហរដ្ឋអាមេរិក។ អ្នកការទួតអង្គការសហប្រជាជាតិបាននិយាយថា កិច្ចកិច្ចពិភាក្សារយៈពេល៤៥នាទីនោះ សមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ បានជជែកស្វែករកកត្តាគន្លឹះជាច្រើន ដើម្បីជាយុទ្ធសាស្ត្រសម្រាប់ដោះស្រាយវិបត្តិដ៏សាំញាំក្នុងប្រទេសស៊ីរី។
ប្រទេសរុស្ស៊ី តែងតែបាំងខ្ទប់មិនឲ្យក្រុមប្រឹក្សាសន្តិសុខ ដាក់សម្ពាធទៅលើសម្ព័ន្ធមិត្តរបស់ខ្លួន គឺលោកប្រធានាធិបតី Bashar al-Assad ឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយនៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកJohn Kerry និងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានជួបប្រជុំជាមួយគ្នាដែរ នៅក្នុងទីក្រុង Geneva ប្រទេសស្វីស។
ជំនួបថ្នាក់រដ្ឋមន្ត្រីមហាអំណាចទាំងពីរនេះនឹងប្តេជ្ញា ថាតើក្រុមប្រឹក្សាអង្គការសហប្រជាជាតិ អាចនឹងឈានដល់ការសម្រុះសម្រួលគ្នាឬក៏យ៉ាងណា។ លោក John Kerry និងលោកSergei Lavrov ក៏នឹងសន្ទនា អំពីផែនការរុស្ស៊ី ដើម្បីដាក់ឲ្យឃ្លាំងអាវុធគីមីរបស់ប្រទេសស៊ីរី ស្ថិតនៅក្រោមឃុំគ្រងរបស់សហគមន៍អន្តរជាតិ ។
បើទោះយ៉ាងនេះក្តីប្រទេសបារាំង អង្គគ្លេស និងសហរដ្ឋអាមេរិកសុទ្ធតែបានតាំងចិត្តរួចរាល់ហើយថា នឹងរួមគ្នាកម្ទេចរបបអាសាឌចោល ប្រសិនបើស៊ីរីមិនព្រមបោះបង់អាវុធគីមីទេនោះ។
គួរបញ្ជាក់ថា ជម្លោះហែកហួរនៅក្នុងប្រទេសស៊ីរី បានអូសបន្លាយអស់រយៈពេល៣០ ខែទៅហើយ ដែលបានបណ្តាលជីវិតមនុស្សជាង ១សែននាក់ ត្រូវបានសម្លាប់យ៉ាងវេទនាបំផុតក្រោមភ្លើងសង្គ្រាម រវាងក្រុមអ្នកប្រឆាំងនិងកងទ័ពរដ្ឋាភិបាលស៊ីរី៕(ដោយៈថា ថៃ)
Source from: Vayofm

Loading...
Loading...