មិត្ត​នារី​ៗ​ប្រហែល​ជា​ភ្ញាក់​ផ្អើល​នៅ​​ពេល​​​​អាន​ចំណង​​ជើង​​​ខាង​លើ​នេះ​មិន​​ខាន។ ជា​ការ​ពិត​ណាស់ ​នារី​នឹង​រង​នូវ​ផល​ប៉ះ​ពាល់​ខាង​សុខភាព​ផ្លូវ​ភេទ​ខ្លាំង​​ជាង​បុរស ប្រសិន​បើ​អ្នក​សម្រេច​រួម​ភេទ​នៅ​ថ្ងៃ​​មក​រដូវ​ ប៉ុន្តែ​អ្នក​ជំនាញ​​បាន​បង្ហើប​ពី​​តិកនិច​​បញ្ចៀស​ផល​ប៉ះ​ពាល់​បាន​​ខ្លះ​​ចំពោះ​ការ​រួម​ភេទ​ថ្ងៃ​​មក​​រដូវ​​នេះ​​​។

​អ្នក​​គ្រូ ជា​ ស៊ីណយ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​ជំងឺ​អេដស៍ ប្រចាំ​ខេត្ត​កំពង់​ធំ​​បញ្ជាក់​​ថា នៅ​ពេល​ដែល​ស្រ្តី​មក​រដូវ ​គឺ​ជា​ពេល​ដែល​មាត់​ស្បូន​របស់​ស្ត្រី​ចំហ ហើយ​មាន​ធ្លាប់​ឈាម​ច្រើន។ អំឡុង​ពេល​នោះ​ គឺ​ជា​ពេល​វេលា​មិន​សម​​ស្រប​​សម្រាប់​ដៃ​គូ​​រួម​ភេទ​ជា​មួយ​គ្នា​ទេ។ “​ប្រាកដ​ណាស់​ ស្រីៗ​នៅ​ពេល​នោះ​​​ច្បាស់​ជា​មាន​ការ​ឈឺ​​ចុក​ចាប់ ដូច្នេះ​នៅ​ពេល​ដែល​​ធ្វើ​ការ​រួម​ភេទ​បន្ថែម​ទៀត​​ នាង​ច្បាស់​ជា​ទ្រាំ​នឹង​ការ​ឈឺ​​ចាប់​នោះ​មិន​​បាន​ទេ​​”។ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​ជំងឺ​អេដស៍​រូប​នេះ​បាន​បន្ថែម​។

រូប ថត៖ couriermail

លើស​ពី​នេះ​ទៅ​ទៀត​​នោះ​​ ភាគី​ខាង​នារី​ងាយ​នឹង​រង​នូវ​ការ​រលាក​មាត់​ស្បូន ​រលាក​ដៃ​ស្បូន​ ហើយ​អាច​នឹង​ឈាន​​ដល់ជំងឺ​​មហារីក​មាត់​ស្បូន ​ដែល​វា​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​សម្រាប់​ស្រ្តី​ទៀត​ផង។ ​យ៉ាង​ណា​មិញ​ ប្រសិន​បើ​ដៃ​គូ​មិន​មែន​ជា​ដៃ​គូ​មួយ​ទល់​នឹង​មួយ​ ​អ្នក​គ្រូ ស៊ីណយ បញ្ជាក់​ថា​ ទាំង​​បុរស​ ​និង​​ស្ត្រី​អាច​នឹង​ឆ្លង​នូវ​មេរោគ​អេដស៍​ និង​ជំងឺ​កាម​រោគ​​ទៀត​ផង។

អ្នក​ជំនាញ​រូប​នេះ​​បាន​​បន្ត​ទៀត​ថា៖ “​បើ​ដៃ​គូ​មួយ​និង​មួយ​ ភាគី​ខាង​ប្រុស​​នឹង​មិន​​ជួប​បញ្ហា​អី​​នោះ​ទេ។ តែ​បើ​ពួក​គេ​ព្រម​ព្រាង​​រួម​ភេទ​ជា​មួយ​គ្នា ពួក​​គេ​គួរ​តែ​ជ្រើស​រើស​តិចនិក​រួម​ភេទ​ថ្នមៗ​ ដើម្បី​ជៀស​វាង​ភាគី​ខាង​ស្រី​មិន​អាច​ទ្រាំ​បាន ក្នុង​ពេល​មក​រដូវ​​នេះ”។

ដោយ​ឡែក​ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​​​​រួម​ភេទ​​អំឡុង​ពេល​មក​រដូវ​នេះ​ ​គឺ​​ជា​វិធី​​ដែល​សុវត្ថិភាព​មួយ​ ​អាច​បញ្ចៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ។  យ៉ាង​ណា​មិញ​ ដើម្បី​រក្សា​​នូវ​សម្ព័ន្ធភាព​​ផ្លូវ​ភេទ​បាន​ល្អ​ ភាគី​ទាំង​សង​ខាង​គួរ​ចេះ​យោគ​យល់​ដល់​គ្នា។ “​ភាគី​ខាង​ស្រី​គួរ​ប្រាប់​ត្រង់ៗ​ទៅ​ខាង​ប្រុស​ចំពោះ​ផល​វិបាក​នៅ​ពេល​មក​រដូវ​​ហើយ​​រួម​​ភេទ​​ ចំណែក​ឯ​ខាង​ប្រុស​ ក៏​ត្រូវ​ចេះ​សម្រប​ខ្លួន​ទៅ​តាម​នោះ​ដែរ។ យក​ល្អ​ គួរ​កុំ​រួម​ភេទ​នៅ​ថ្ងៃ​នោះ​អី”។ ​នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​អ្នក​គ្រូ ស៊ីណយ​៕

-​ចង់​ដឹង​ ពេល​មក​រដូវ​ផឹក​ស្រា​ល្អ​ដែរ​ឬ​អត់? សូម​ចុច​ត្រង់​នេះ

អត្ថបទ៖ ផល្លា សុម៉ាលីណា