ព្រឹត្តិការណ៍បង្កៃគ្រាប់បែកជាបន្តបន្ទាប់ ត្រូវបានប្រជាពលរដ្ឋ ដាក់ជាសំនួរថា ជាស្នាដៃរបស់អ្នកណា និង ធ្វើឡើងក្នុងគោលបំណងអ្វី? គ្រាន់តែករណីថ្ងៃទី១៣ កញ្ញានេះ ការបង្កៃគ្រាប់បែក និង គ្រឿងផ្ទុះ បានធ្វើឡើងដល់ទៅ២លើក នៅកន្លែង២ផ្សេងគ្នា។ដោយករណីទី១ គ្រាប់បែកប្រភេទM79ចំនួន៣គ្រាប់ ដែលត្រូវបានជនអនាមិកដាក់បង្កៃចោលនៅក្នុងសួនច្បារខាងកើតស្ពាននាគ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងមន្ត្រីប៉ូលីស។ជាមួយគ្នានេះ ប៊ីដុងមួយដែលផ្ទុកសារធាតុផ្ទុះ ក៏ត្រូវបានគេ ប្លុងចោលដូចគ្នានៅខាងមុខរដ្ឋសភា និង ត្រូវបានមន្ត្រីជំនាញស៊ីម៉ាក់បំផ្ទុះចោលនៅកន្លែងនោះផងដែរ។ពាក់ព័ន្ធនឹងករណីមានប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ការបង្កៃគ្រាប់បែកទាំងនេះអាចជាការគម្រាមកំហែងដល់ប្រជាពលរដ្ឋដែលមានបំណងចូលរួមក្នុងការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
តែយ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់វិទ្យុវាយោនៅរសៀលថ្ងៃទី១៣ កញ្ញានេះថា ការបង្កៃ និង ប្លុងចោលគ្រាប់បែកទាំង២ករណីនេះមិនមែនជាការបង្កឡើងដោយគណបក្សប្រជាជន ឬគណបក្សសង្គ្រោះជាតិនោះទេ អាចអ្នកបង្កដែលជាជនទី៣។ដូច្នេះមន្ត្រីមានសមត្ថកិច្ចបាននឹងកំពុងស៊ើបអង្កេតដើម្បីឈានដល់ការចាប់ខ្លួនជនបង្ក
គួររម្លឹកថា បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ទៅ និង ពេលដែលមានបញ្ហា មិនចុះសម្រុងផ្នែកនយោបាយ គេសង្កេតឃើញមានករណីបំផ្ទុះ និងបង្កៃគ្រាប់បែកជាញឹកញាប់ ជាក់ស្តែងកាលពីថ្ងៃទី ៧ សីហាកន្លងទៅ មានការបំផ្ទុះគ្រាប់បែកទាំងកណ្តាលអាធ្រាត្រ នៅជាប់របងសាលារាជធានីភ្នំពេញ, បន្ទាប់មកទៀត ការបំផ្ទុះគ្រាប់បែកនៅទីស្នាក់ គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៤ សីហា និង នៅថ្ងៃទី១២ កញ្ញាក៏មានការប្រទះឃើញគ្រាប់បែកចាស់មួយគ្រាប់ នៅក្បែរវេទិការៀបចំពិធីស្វាគមន៍ថ្នាក់ដឹក នាំគណបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាបផងដែរ។ ចុងក្រោយគឺនៅថ្ងៃទី១៣ កញ្ញានេះ ដែលមានការបង្កៃគ្រាប់បែកនិង គ្រឿងផ្ទុះ ដល់ទៅ២លើក នៅកន្លែងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។ ដោយសៅ វិសាល
Source from: Vayofm

Loading...
Loading...