ខេត្តឧត្តរមានជ័យ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ដែលបង្កឡើងដោយរថយន្តម៉ាកហ៊ីណូ មួយគ្រឿង បានដាក់កាឡេ រអិលចុះពីលើភ្នំ បណ្តាលឲ្យបុកជាមួយរថយន្តមួយគ្រឿងទៀត ធ្វើឲ្យមនុស្សម្នាក់ស្លាប់ និង ម្នាក់ទៀតរងរបួស នៅចំណុចផ្លូវជាតិលេខ៦៧ ជើងភ្នំដងរែក ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះ ឆេង ណារ៉េត អាយុ៤៨ឆ្នាំ មានតួនាទីជាអនុប្រធានកសិកម្មខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ អ៊ឹម វឿន អាយុ៤៧ឆ្នាំ ជាមន្ត្រីកសិកម្មខេត្តកំពង់ចាម បានរងរបួសស្រាល។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីណូមួយគ្រឿងគ្មានស្លាកលេខបើកឡើងទៅលើភ្នំដងរែក ប៉ុន្តែខណៈដែលកំពុងបើកឡើងទៅលើនោះ ស្រាប់តែរថយន្តបានដាច់កាឡេទៅមុខមិនរួច ក៏ថយក្រោយវិញបានទៅបុកជាមួយរថយន្តម៉ាក Isuzu មួយបាំងកន្លះ ពាក់ស្លាកលេខ រដ្ឋ១៧២០៥ ដែលកំពុងធ្វើដំណើរស្របទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យ អ្នកជិះនៅក្នុងរថយន្ត Isuzu បានស្លាប់ម្នាក់និងរងរបួសម្នាក់។
បន្ទាប់ពីកើតហេតុ គេសង្កេតឃើញកម្លាំងអាជ្ញាធរមូលដ្ឋាន បានទាក់ទងហៅរថយន្តសាម៊ុយ ដើម្បីមកដឹកយកអ្នករបួសទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source from: watphnom-news.com

Loading...
Loading...