រាជធានីភ្នំពេញ ៖ មានហេតុការណ៍ប្លន់ប្រដាប់អាវុធមួយបានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចខាងត្បូងផ្សារចាស់ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលបង្កឡើងដោយជន សង្ស័យ២នាក់ប្រដាប់អាវុធខ្លីមួយដើម បានធ្វើការប្រហារទៅលើស្ត្រីជនជាតិជប៉ុនម្នាក់បណ្តាលឲ្យរងរបួសជើងម្ខាង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សាគីកូ តាកាយ៉ា ណាជី អាយុ ៣៣ឆ្នាំ មានមុខរបរជាភ្ញៀវទេសចរ ស្នាក់នៅសណ្ឋាគារប៉ាស៊ីហ្វិក។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ រួមជាមួយនិងប្អូនស្រីម្នាក់ទៀត បាននាំគ្នាដើរចេញពីផ្សាររាត្រី។
ខណៈពេលដើរមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ មកឆក់កាបូបរបស់គាត់ ប៉ុន្តែត្រូវបានជនរងគ្រោះធ្វើការប្រទាញប្រទង់មកវិញ ស្រាប់តែជនសង្ស័យម្នាក់បានដកកាំភ្លើងបាញ់ចំភ្លៅខាងឆ្វេង របស់ជនរងគ្រោះបណ្តាលឲ្យរងរបួស ហើយក៏ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
បន្ទាប់ពីកើតហេតុគេសង្កេតឃើញវត្តមានរបស់សមត្ថកិច្ច រួមទាំងកម្លាំងកងរាជអាវុធហត្ថ បានចុះទៅព្រោងព្រាត ប៉ុន្តែបានត្រឹមតែធ្វើការត្រួតពិនិត្យប៉ុណ្ណោះ។ ចំណែកស្ត្រីរងគ្រោះ ត្រូវបានគេបញ្ជូនយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ប្រភពមួយចំនួនបានលើកឡើងថា ក្រុមចោរប្រដាប់អាវុធទាំងនេះ ប្រហែលជាចង់សាកល្បងស្នាដៃជាមួយលោក រ័ត្ន ស្រ៊ាង មេប៉េអឹមទើបឡើងថ្មីហើយមើលទៅ បានជាពួកគេ ព្រហើនហ៊ានបាញ់ប្លន់កណ្តាលទីក្រុងដូច្នេះ ៕
Source from: watphnom-news.com

Loading...
Loading...