បើយោងតាមការបញ្ជាក់របស់លោក Pham Dong Quang ប្រធាននាយកដ្ឋានផលិតកម្មកសិផលរបស់វៀតណាមបានឲ្យដឹងថា ទិន្នផលស្រូវរបស់ប្រទេសខ្លួននឹងមានការធ្លាក់ចុះចាប់ពីឆ្នាំក្រោយនេះ។
លោកបន្តថា ការធ្លាក់ចុះនេះគឺបណ្តាលមកពីកសិករបានផ្លាស់ប្តូរ ចំពោះការផ្តោតសំខាន់ទៅដំណាំស្រូវមកដាំនូវដំណាំផ្សេងៗទៀតដែលជាតម្រូវការចាំបាច់របស់ទីផ្សា មានដូចជា ដំណាំពោតជាដើម។
បើតាមការអះអាងពីមន្ត្រីវៀតណាមដដែលការផ្លាស់ប្តូរគោលដៅក្នុងការដាំដុះនេះ នឹងអាចនាំឲ្យប្រជាពលរដ្ឋមានជីវិភាពប្រសើរជាងមុនតាមរយៈការដាំដំណាំផ្សេងៗ ទៀតដែលអាចផ្តល់កំរៃខ្ពស់។ ទាក់ទងនឹងបញ្ហានេះដែរ ក្រសួងកសិកម្មរបស់វៀតណាមនឹងធ្វើការសិក្សាក៏ដូចជាដាក់ចេញនូវផែនការនៅចុងឆ្នាំ ២០១៣នេះ។
ក្រុមអ្នកសេដ្ឋកិច្ចមួយចំនួនបានមើលឃើញថា ប្រសិនបើ ផលិតផលអង្កររបស់វៀតណាម មានការធ្លាក់ចុះមែននោះវានឹងផ្តល់ឪកាសដល់ប្រទេសជាគូរប្រជែងមានដូចជា ប្រទេសឥណ្ឌា និង ថៃជាដើមក្នុងការទទួលបានផលប្រយោជន៏ចំពោះការនាំចេញអង្ករទៅលក់នៅបរទេស។
ចាប់តាំងពីឆ្នាំ២០០១មក ប្រទេសវៀតណាមបានបង្កើនការនាំចេញអង្កររបស់ខ្លួនទៅកាន់ពិភពលោកជា ច្រើន តាមរយៈការលើកស្ទួយវិស័យកសិកម្ម និង ការកែរទំរង់គួរឲ្យកត់សម្គាល់ចំពោះបច្ចេកទេសក្នុងការដាំដុះ។
បើតាមមន្ត្រីជំនាញ់របស់វៀតណាមឲ្យដឹងថា រដ្ឋាភិបាលនឹងមិនកំណត់ចំពោះបរិមាណដែលត្រូវផលិតចំពោះមុខដំណាំនីមួយនោះទេ ដើម្បីឲ្យកសិករមានជំរើសក្នុងការដាំដំណាំដែលស្របទៅនឹង តម្រូវការទីផ្សាជាក់ស្តែង។ ប៉ុន្តែរដ្ឋាភិបាល នឹងបន្តខិតខំក្នុងការផ្តល់នូវបច្ចេកទេសដាំដុះឲ្យកាន់តែប្រសើរថែមទៀត។(ដោយៈអ៊ុន រស្មី)
Source from: Vayofm

Loading...
Loading...