ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់កាលពីម៉ោង ១១ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភូមិតាសាញត្បូង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ពីជននេះបានយកកាំបិតផ្គាក់ កាប់ជនរងគ្រោះប្លន់ យកម៉ូតូបានសម្រេច ហើយជិះម៉ូតូបើករត់ រហូតអស់សាំង យកទៅលាក់ទុកក្នុងព្រៃ គេចខ្លួនបានមួយយប់ ក៏ត្រូវជាប់ខ្នោះតែម្តង។
បុរសដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ តាំង ម៉ាឌី អាយុ ៣៤ ឆ្នាំមានទីលំនៅ ក្នុងភូមិកប្រាំ ឃុំអូរប្រសាទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកវេវពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1D0819 ។ ចំណែកជនរងគ្រោះមានឈ្មោះ សែម រ៉ន ភេទប្រុស អាយុ ២៣ ឆ្នាំរងរបួសស្មាឆ្វេង ត្រូវជនល្មើសប្លន់ម៉ូតូ កាលពីម៉ោង ១៤និង៣០ នាទីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣ នៅចំណុចក្រុមទី៥ ផ្លូវលំក្បែរផ្ទះមេភូមិ ស្ថិតក្នុងភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះបានឲ្យដឹងថា នៅម៉ោង ១និង៣០ នាទីខ្លួនបានខ្ចីម៉ូតូ បងប្រុសដឹកត្រប់ និងម្ទេសយកទៅឲ្យម៉ូយ ពេលជិះមកវិញត្រឡប់មកផ្ទះវិញ ដល់ចំណុចផ្លូវកែង ក្បែរផ្ទះមេភូមិស្រាប់តែឈ្មោះ ម៉ាឌី បានយកកាំបិតវែង កាប់សំដៅមកលើខ្លួន ។ ពេលនោះឈ្មោះ សែម រ៉ន បានបង្អង់ម៉ូតូតែគេចមិនផុត បណ្តាលឲ្យត្រូវរបួសចំស្មាឆ្វេង ហើយខ្លួនក៏ផ្តួលម៉ូតូរត់ ហើយឈ្មោះ ម៉ាឌី បានលើកម៉ូតូជិះគេចខ្លួន បានប្រហែល ៣គីឡូម៉ែត្រអស់សាំង ក៏យកម៉ូតូលាក់ក្នុងព្រៃ ក្បែររបងចំការគេហើយរត់ចូលព្រៃមួយយប់ លុះព្រឹកថ្ងៃទី០៨ ខែតុលា ចេញមកវិញក៏ត្រូវ សមត្ថកិច្ចឃាត់ខ្លួនតែម្តង៕
Source from: watphnom-news.com

Loading...
Loading...