ខេត្ដពោធិ៍សាត់ ៖ រថយន្ដនីសាន់មួយគ្រឿង អំឡុងពេលបើកបរ ស្រាប់តែដាច់កង់កណ្ដាលផ្លូវជាតិលេខ ៥ ហើយត្រូវហ៊ីយ៉ាន់ដាយ ដែលបើកពីក្រោយ បុកមួយទំហឹង កាលពីវេលាម៉ោង ៨និង១៥ នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ត្រង់ចំណុចខាងកើត រង្វង់មូលផ្ដិលថ្មកែវ ប្រមាណ ១០០ ម៉ែត្រ ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង-ខេត្ដពោធិ៍សាត់ បណ្ដាលឱ្យកៀបអ្នកបើកបរ ជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ធ្ងរ ត្រូវចំណាយពេលរាប់ម៉ោង ដើម្បីគាស់យកជនរងគ្រោះ។
មុនពេលកើតហេតុ គេឃើញរថយន្ដ ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ លាយខ្មៅ ពាក់ស្លាកលេខ ឃ-៦៣៨៩ ភព២ បើកបរដោយឈ្មោះ យិន បូរ៉ា ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅខេត្ដបាត់ដំបង និងព្រូម្នាក់ទៀត មិនស្គាល់ឈ្មោះ បានបើកលើផ្លូវជាតិលេខ៥ ពីទិសខាងលិចមកទិសខាងកើត។
លុះមកដល់ចំណុចកើតហេតុ បានដាច់កង់ក្រោយផ្នែកខាងឆ្វេង ស្រាប់តែមានរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បណ្ដោះអាសន្ន ៧១៣៨ ដឹកទឹកកកពេញ បើកស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង។ តៃកុងរថយន្ដដឹកទឹកកក មានឈ្មោះ លាង ឃី ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិ-ឃុំពោធិ៍ ស្រុកកណ្ដៀង ខេត្ដ ពោធិ៍សាត់ បានរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀត រងរបួសស្រាល ៕
Source from: watphnom-news.com

Loading...
Loading...