ខេត្តព្រះសីហនុ ៖ បញ្ហាប្រាក់បំណុលរាប់ពាន់លានរៀល ដែលគេសង្ស័យថាមន្ត្រីអគ្គិសនីខេត្តព្រះសីហនុ បានឃុបឃិតឲ្យម្ចាស់ទីតាំងអាជីវកម្មធំៗ ជំពាក់បំណុលរដ្ឋឡើងរុំកោះ ឬលួចបង្វិលយកប្រាក់បង់ថ្លៃជាវអគ្គិសនី ទៅប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន រហូតមកដល់ម៉ោងនេះ ប្រធានអគ្គិសនីខេត្តព្រះសីហនុ មិនមានភាពក្លាហានដើម្បីបកស្រាយពីបញ្ហានេះទេ មិនដឹងជាមានអាថ៌កំបាំងអ្វី ដែលសូម្បីតែសំណើរបស់អ្នកសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ប្រមាណ ២០អង្គភាព ដើម្បីសុំជួបសម្ភាសន៍ក៏មិនបានសមតាមបំណង នាំឲ្យបញ្ហាប្រាក់បំណុលរាប់ពាន់លានរៀល នៅតែជារឿងអាថ៌កំបាំង គឺមានតែអង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះ ដែលអាចទម្លាយរឿងរ៉ាវ ពាក់ព័ន្ធនឹងប្រាក់បំណុល ដ៏អាថ៌កំបាំងមួយនេះ។
ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានមួយចំនួន បានសម្តែងការខកចិត្តយ៉ាងខ្លាំង ជុំវិញការគេចវេះមិនឆ្លើយបំភ្លឺ ចំពោះភាពមិនប្រក្រតីដែលនាំឲ្យមានបញ្ហា ប្រាក់បំណុលកើនឡើងដល់រាប់ពាន់លានរៀល ដែលករណីនេះគេអាចវាយតម្លៃបានថា ប្រធានអង្គភាពអគ្គិសនីខេត្តព្រះសីហនុ បានត្រឹមតែស៊ីមិនហ៊ានសង មិនហ៊ានចេញមុខជួបជាមួយអ្នកកាសែត ដើម្បីបកស្រាយរឿងរ៉ាវអាថ៌កំបាំង។ អង្គភាពអគ្គិសនីខេត្តព្រះសីហនុ បានគំរាមកាត់ផ្តាច់ភ្លើង និងបង្ខំឲ្យម្ចាស់បំណុលធំៗ ទូទាត់ថ្លៃជាវអគ្គិសនី បើមិនដូច្នេះទេនឹងកាត់ផ្តាច់ភ្លើង ឬចាត់វិធានការតាមផ្លូវតុលាការ។ ការគំរាមបែបនេះ នាំឲ្យប្រជាពលរដ្ឋក្តៅក្រហាយយ៉ាងខ្លាំង ព្រោះម្ចាស់បំណុលជាច្រើន ធ្លាប់បានចូលខ្លួនមកធ្វើកិច្ចសន្យា សងរំលស់បំណុលប្រចាំខែ ដោយមានលោក ឈឹម សឿន ជាអ្នកប្រថាប់ត្រាទទួលស្គាល់រួចទៅហើយ មិនគួរគំរាមកាត់ភ្លើងនិងបង្ខំឲ្យម្ចាស់បំណុល បង់លុយតាមរបៀបឆៅៗ គ្មានច្បាប់ទម្លាប់បែបនេះទេ។
ចាប់តាំងពីមានការបែកធ្លាយ ពីបញ្ហាប្រាក់បំណុលរាប់ពាន់លានរៀល ក្នុងអង្គភាពអគ្គិសនីខេត្តព្រះសីហនុ គេសង្ស័យថា មន្ត្រីក្នុងអង្គភាពនេះបានឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធ ដូចដែលប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា គ្រួសារខ្លះប្រើប្រាស់អគ្គិសនី អស់ប្រមាណ ៥ម៉ឺនទៅ៨ ម៉ឺនរៀល ក្នុងមួយខែ ប៉ុន្តែប្រាក់តម្កល់របស់គាត់ មានដល់ទៅជិត ៥០ម៉ឺនរៀលឯណោះ គ្រាន់តែមិនបានបង់លុយ១ខែ ឬលើសការកំណត់ទៅបង់លុយ ២ឬ៣ថ្ងៃ ស្រាប់តែមន្ត្រីអគ្គិសនីទាំងពាក់ឯកសណ្ឋាន ទាំងគ្មានឯកសណ្ឋាន បានចុះទៅផ្តាច់ភ្លើងតាមផ្ទះរបស់ពួកគាត់ គ្មានការយោគយល់ទេ ហើយដើម្បីបានភ្លើងប្រើប្រាស់វិញ ត្រូវទៅបង់លុយនិងថ្លៃផាកពិន័យ ហើយក៏ត្រូវបង់លុយថ្លៃទឹកតែឲ្យអ្នកតបណ្តាញ ទើបបានភ្លើងប្រើប្រាស់វិញ។
ដូច្នេះករណីដែលម្ចាស់ទីតាំងអាជីវកម្មធំៗ ដូចជាតាមសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន និងរោងសិប្បកម្ម អាចជំពាក់បំណុលអគ្គិសនីដល់ទៅរាប់រយលានរៀល វាមានរឿងអាថ៌កំបាំងខ្លាំងណាស់ ហើយមន្ត្រីអគ្គិសនីក៏បានរួមចំណែក ក្នុងការបង្កើតឲ្យមានប្រាក់បំណុល យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសលោក គី វុឌ្ឍី ដែលជាប្រធានផ្នែកអាជីវកម្ម គឺជាអ្នកទទួលខុសត្រូវធំជាងគេ សម្រាប់បញ្ហាប្រាក់បំណុលដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។ អង្គភាពសវនកម្ម ជាពិសេសក្រុមអធិការកិច្ចផ្ទៃក្នុង ត្រូវតែស៊ើបអង្កេតពីភាពមិនប្រក្រតី និងរឿងរ៉ាវអាថ៌កំបាំងទាក់ទងនឹងបញ្ហាប្រាក់បំណុលរាប់ពាន់លានរៀល ក្នុងអង្គភាពអគ្គិសនីខេត្តព្រះសីហនុ ឡើងវិញជាបន្ទាន់ ដើម្បីវែកមុខមន្ត្រីពុករលួយទៅផ្តន្ទាទោសតាមច្បាប់ ជាការព្រមានកុំឲ្យមន្ត្រីដទៃទៀតយកគំរូតាម។
យ៉ាងណាក៏ដោយ ប្រធានអង្គភាពអគ្គិសនីខេត្តព្រះសីហនុ មិនគួរគេចវេះពីការពិតនោះទេ មានរឿងអាថ៌កំបាំងអ្វីក្នុងអង្គភាព គេយល់ថា លោក ឈឹម សឿន គួរតែទម្លាយឲ្យសាធារណជនបានដឹង ដើម្បីបង្ការកុំឲ្យជួបស្ថានភាព ទទួលរងថ្មបាក់ណាមួយពីលោក គី វុឌ្ឍី ហើយគេជឿជាក់ថា រឿងរ៉ាវដ៏អាថ៌កំបាំងទាក់ទិន នឹងបញ្ហាប្រាក់បំណុលរាប់ពាន់លានរៀល ក្នុងអង្គភាពអគ្គិសនីខេត្តព្រះសីហនុ នៅពេលនេះ មានតែអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង ប៉ុណ្ណោះជាអ្នកអារកាត់ ដើម្បីបកអាក្រាតមុខមាត់ក្រុមមន្ត្រីខិលខូច និងក្រុមឈ្មួញដែលជំពាក់់បំណុលរដ្ឋ ដើម្បីជួយជម្រះនូវមន្ទិលសង្ស័យ និងលុបបំបាត់អំពើពុករលួយ ដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងអង្គភាពអគ្គិសនីខេត្តព្រះសីហនុ រាប់សិបឆ្នាំមកហើយ ៕
Source from: watphnom-news.com

Loading...
Loading...