រាជធានីភ្នំពេញ ៖ ភ្លៀងធ្លាក់មួយមេយ៉ាងធំ បានធ្វើឲ្យផ្លូវសហព័ន្ធរុស្ស៊ី ត្រូវលិចលង់ចាប់តាំង ពីខាងមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ រហូតដល់រង្វង់មូលចោមចៅ ដោយកន្លែងខ្លះលិចលើ ក្បាលជង្គង់ ហើយបុរសវ័យចំណាស់ម្នាក់ បានដើរសៀរលើចិញ្ចើមផ្លូវ ដែលមើលទៅសុទ្ធតែផ្ទៃទឹក មករាវតោងប៉ះនឹងបង្គោលភ្លើងបំភ្លឺផ្លូវ ក៏ត្រូវចរន្តភ្លើងឆក់ស្លាប់តែម្តង កាលពីវេលាម៉ោង ១០យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាមនុស្សវ័យចំណាស់ អាយុប្រហែលជា ៦០ ឆ្នាំ មានកម្ពស់ ១,៧០ ម៉ែត្រ សម្បុរស កោត្រងោល ពាក់អាវដៃវែង ខោងជើងវែងពណ៌ខ្មៅ ពាក់ស្បែកជើង ផ្ទាត់ពណ៌ខៀវ។ មុនពេលកើតហេតុមានប្រជាពលរដ្ឋ បានប្រទះឃើញជនរងគ្រោះ ស្លាប់ជាប់នឹងបង្គោលភ្លើង ក៏រាយការណ៍ឲ្យសមត្ថកិច្ច ចុះទៅពិនិត្យមើល ទើបដឹងថា ជនរងគ្រោះត្រូវឆ្លងចរន្តអគ្គិសនី ពីបង្គោលភ្លើងឆក់ស្លាប់ រួចក៏មានការភ្ញាក់ផ្អើលតែម្តង។ សមត្ថកិច្ចបានចុះ ទៅពិនិត្យសាកសព រួចក៏ដឹកយកមកតម្កល់ នៅវត្តពោធិចិនតុង ដើម្បីស្រាវជ្រាវ រកក្រុមគ្រួសារ៕
Source from: watphnom-news.com

Loading...
Loading...