ខេត្ដព្រះសីហនុ ៖ បុរសជាគ្រូបង្រៀនម្នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុង មន្ទីរពេទ្យបង្អែក ចម្ការចេក បន្ទាប់ពីបានជិះម៉ូតូ ជ្រុលទៅបុករថយន្ត ដែលបើកឆ្លងផ្លូវ កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ២៣និង៣០នាទី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ជនរងគ្រោះមានឈ្មោះ សាត់ សុខពិដាល ហៅអា បារាំង អាយុ ៣៣ ឆ្នាំ មានទីលំនៅ ក្រុមទី៩ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានមុខ របរជាគ្រូបង្រៀន ជិះម៉ូតូម៉ាកហុងដាអ៊ែរប្លេដ ពណ៌កាហ្វេ គ្មានស្លាកលេខ ក្នុងទិសដៅពីកើតទៅលិច នៅពេលមកដល់ កន្លែងកើតហេតុ ក៏ជ្រុលទៅបុករថយន្ដ មួយគ្រឿងដែលកំពុង បើកចេញពីផ្ទះឆ្លងផ្លូវ ។
ចំណែករថយន្ដ ម៉ាកអាតូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 3M-2360 ជាកម្មសិទ្ធិ របស់ឈ្មោះ សែម សុវណ្ណារា ភេទប្រុស បើកបរដោយឈ្មោះ នេត ដារិទ្ធ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាបុគ្គលិកកាស៊ីណូ ឃិនក ។
មុនពេលកើតហេតុ គេឃើញរថយន្ដខាងលើ បានបើកចេញពីបន្ទប់ជួល ក្នុងផ្ទះរបស់លោកនេន ម៉ាល័យ ក្នុងបំណងបត់ឆ្លងផ្លូវ ក៏ត្រូវម៉ូតូម៉ាកហុងដាអ៊េរប្លែដ បើកឡើងចំណោត ជ្រុលមកបុកចំពាក់កណ្ដាលរថយន្ដ បណ្ដាលឱ្យជនរងគ្រោះ ដេកដួលសន្លប់ស្ដូកស្ដឹង ឯម៉ូតូរងការខូចខាត ស្ទើរទាំងស្រុង៕
Source from: watphnom-news.com

Loading...
Loading...