រាជធានីភ្នំពេញ ៖ អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវមិត្តភក្តិដែល បែកគ្នាយូរហើយ ទូរស័ព្ទហៅទៅផឹកស៊ី ច្រៀងខារ៉ាអូខេ ហើយបានឆ្លៀតឳកាស លួចដាក់ថ្នាំសណ្តំ យកម៉ូតូម៉ាកឌ្រីមសេ ១២៥ ស៊េរី២០០៨ ឡើងតែម២០១០ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង ១B០២៤៩ យកទៅបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង១០ នាទីអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ នៅហាងខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ ២០០៨ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ កែវ ផេត អាយុ ២៥ ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិរលួស ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ មុនពេលកើតហេតុ ជនសង្ស័យជាមិត្តភក្តិ ដែលធ្លាប់ធ្វើការសំណង់ជាមួយគ្នា បានបែកគ្នាយូរមកហើយនោះ បានត្រឡប់មកពីខេត្តព្រះសីហនុ ហើយទូរស័ព្ទហៅ ជនរងគ្រោះទៅផឹកស៊ី នៅហាងមួយកន្លែងជិតស្តុប ផ្សារដីហុយ មានគ្នាទាំងអស់ ៤ នាក់។
លុះពេលផឹកស៊ីស្រវឹងហើយ ជនសង្ស័យបានធានា ចេញលុយនាំទៅ ច្រៀងខារ៉ាអូខេ តាមផ្លូវ២០០៤បន្តទៀត ប៉ុន្តែទៅតែ ៣ នាក់ទេ ដោយមិត្តភក្តិម្នាក់សុំទៅផ្ទះមុន។ ពេលទៅដល់ហាងខារ៉ាអូខេ ផឹកស៊ីស្រវឹងជោកជាំហើយ ជនសង្ស័យបាន បបួលជនរងគ្រោះ ទៅបត់ជើងតូច ក្នុងបន្ទប់ទឹកទាំង ២ នាក់បាត់ជិតកន្លះម៉ោង មិនឃើញត្រឡប់មកវិញ ។ ជនរងគ្រោះត្រូវបានប្រទះឃើញ ដេកសន្លប់ក្នុងបន្ទប់ទឹក ហើយនៅក្នុងកាបូបលុយ សល់តែលុយ ៥ ពាន់រៀលប៉ុណ្ណោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យលោកសង្ឃ៕
Source from: watphnom-news.com

Loading...
Loading...