កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិទី៣ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងដំណើរការកំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការបានចែងយ៉ាងច្បាស់ថា «ចៅក្រម និងព្រះរាជអាជ្ញាដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅត្រូវបានដាក់ឲ្យចូលនិវត្តន៍។»។
ក្រោយមកយោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់បានចេញព្រះរាជក្រឹត្យមួយលេខនស/រកត/០៩០៥/៤០៣ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៥ ដែលត្រាស់បង្គាប់ថា «មាត្រា១៖ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ចៅក្រម និងព្រះរាជអាជ្ញា ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ មត្រា២៖ ចៅក្រម ឬព្រះរាជអាជ្ញាមួយចំនួនអាចនៅបន្តការងារតាមការចាំបាច់។»។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ការចេញព្រះរាជក្រឹត្យលេខនស/រកត/០៩០៥/៤០៣ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៥ នេះ មានភាពមិនច្បាស់លាស់ និងមិនដាច់ណាត់ ដ្បិតមាត្រា១ ចែងថា ត្រូវបានដាក់ឲ្យចូលនិវត្តន៍ចៅក្រម និងព្រះរាជអាជ្ញា ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ ប៉ុន្តែ មាត្រា២ បែរជាចែងថា ចៅក្រមឬព្រះរាជអាជ្ញាមួយចំនួនអាចនៅបន្តការងារតាមការចាំបាច់ទៅវិញ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងទៀតថា ការចេញព្រះរាជក្រឹត្យ ដែលមានភាពមិនច្បាស់លាស់ និងមិនដាច់ណាត់ដូច្នេះ អាចនាំឲ្យមានផលវិបាកពីរយ៉ាងគឺ៖
១- ផ្ទុយទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលអនុម័តគាំទ្រដោយរដ្ឋសភានីតិកាលទី៣ និង
២- បង្កើតឲ្យមានអំពើពុករលួយ បក្ខពួកនិយម និងរើសអើង នៅក្នុងដំណើរការនៃការដាក់ចៅក្រម និងព្រះរាជអាជ្ញា ឲ្យចូលនិវត្តន៍។
មានចៅក្រម និងព្រះរាជអាជ្ញា មិនតិចជាង១០នាក់ឡើយដែលកំពុងបម្រើការងារនៅក្នុងស្ថាប័នតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត ដល់អាយុត្រូវចូលនិវត្តន៍ «មានអាយុចាប់ពី៦០ឆ្នាំឡើងទៅ» ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យនៅបន្តបម្រើការងារតទៅទៀត ដោយចៅក្រមខ្លះត្រូវបានចេញព្រះរាជក្រឹត្យអនុញ្ញាតពន្យាការចូលនិវត្តន៍រហូតដល់ទៅពីរដងថែមទៀត។
គេហទំព័រសារព័ត៌មានដើមត្នោតសូមលើកយកឈ្មោះចៅក្រម និងព្រះរាជអាជ្ញាដែលដល់អាយុត្រូវចូលនិវត្តន៍តែមិនព្រមដាក់ឲ្យចូលនិវត្តន៍ជាតួអង្គសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១- ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល មានអាយុពីរខុសៗគ្នា «ក្នុងក្របខ័ណ្ឌចៅក្រមដាក់កើតថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៤៤ គឺមានអាយុជិត៦៩ឆ្នាំ ប៉ុន្តែក្នុងក្របខ័ណ្ឌសច្ចាប្រណិធានចូលធ្វើមេធាវីដាក់កើតថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៤១ គឺមានអាយុជិត៧២ឆ្នាំ»។ ក្នុងជីវភាពគណបក្ស ឯកឧត្តម ឌិត មុន្ទី គឺមានឋានៈជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ឌិត មុន្ទី ជាប្រធានតុលាការកំពូលផង ជាចៅក្រមជំនុំជម្រះក្តីផង ជាប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផង និងជាសហប្រធានក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ផង។
២- ឯកឧត្តម ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល មានអាយុ៧៣ឆ្នាំ «កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៤០ នៅខេត្តត្រាវិញ ប្រទេសវៀតណាម»។ ក្នុងជីវភាពគណបក្ស ឯកឧត្តម ឃឹម ប៉ុណ្ណ គឺមានឋានៈជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ក្នុងក្របខ័ណ្ឌបំពេញមុខងារជាអនុប្រធានតុលាការកំពូល គឺឯកឧត្តម ឃឹម ប៉ុណ្ណ «ប៉ាវដាច់» ក្នុងសំណុំរឿងព្រហ្មទណ្ឌជាប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល។
៣- ឯកឧត្តម ជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៍ មានអាយុ៦៦ឆ្នាំ «កើតថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៤៧»។ ឯកឧត្តម ជួន ស៊ុនឡេង ជាសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហម។ ឯកឧត្តម ជួន ស៊ុនឡេង ត្រូវបានអនុញ្ញាតឲ្យបន្តបម្រើការងាររហូតដល់ទៅ២ដង គឺដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៧១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ និងព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ ។
៤- ឯកឧត្តម ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ រយៈពេល៨ឆ្នាំ មានអាយុ៦២ឆ្នាំ «កើតថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៥១»។ ឯកឧត្តម ជីវ កេង ជាចៅក្រមមួយរូប ដែលមានមុខងារច្រើនសំពីងសំពោងរហូតដល់ទៅចំនួន៨ មុខងារ និងមានអំណាចដ៏មហាលើសលប់នៅក្នុងស្ថាប័នតុលាការកម្ពុជា «សូមចូលអានគេហទំព័ត៌សារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៣បន្ថែម»។
៥- លោក ថោង អុល ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ មានអាយុ៦៤ឆ្នាំ «កើតថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ១៩៤៩»។ លោកចៅក្រម ថោង អុល ជាសហចៅក្រមស៊ើបអង្កេតនៅសាលាក្តីខ្មែរក្រហម។ លោកចៅក្រមរូបនេះ ត្រូវបានអនុញ្ញាតឲ្យនៅបន្តបម្រើការងាររហូតដល់ទៅ២ដង គឺដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/១២១ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៩ កំណត់ឲ្យនៅបន្តការងាររយៈពេល១ឆ្នាំ និងដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១។
អ្នកតាមដានឃ្លាំមើលដំណើរការស្ថាប័នតុលាការនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នស្ថាប័នតុលាការបានទទួលរងនូវការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋានទូទៅ លើកលែងតែអ្នកឬក្រុមបានផលប្រយោជន៍និងដង្ហែផ្កាប់មុខគណបក្សប្រជាជនកម្ពុជាថា ពុករលួយ អសមត្ថភាព និងលម្អៀង ដែលជាគោលការណ៍នៃអំពើអគតិទាំង៤។ ដូច្នេះ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ មេធាវី ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជាបុរសខ្លាំងមហិមានៃកម្ពុជាសូមមេត្តាលៃលកដាក់ចៅក្រមដែលដល់អាយុចូលនិវត្តន៍ឲ្យបានចូលនិវត្តន៍តាមលំដាប់លំដោយផង ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌ និងតុលាការកម្ពុជា ដ្បិតមានចៅក្រមអាយុជាង៧០ឆ្នាំខ្លះធ្វើការឡើងវង្វេងវង្វាន់នីតិវិធីអស់ទៅហើយ៕
ឯកឧត្តម ឃឹម ប៉ុណ្ណ
Source from: www.dtn7.com

Loading...
Loading...