ទូរទស្សន៍ជាតិកម្ពុជា «ទទក» ដែលមានឯកឧត្តម កឹម គុណវឌ្ឍន៍ ជាអគ្គនាយកបានទទួលរងនូវការរិះគន់ពីសំណាក់មជ្ឈដ្ឋានអ្នកស្រឡាញ់វិស័យកីឡាថា មិនមានការចាប់អាម្មណ៍ទាល់តែសោះទៅនឹងសកម្មភាពរបស់កីឡាជាតិ ជាពិសេសការប្រកួតប្រដាល់ជើងឯកជាតិរៀងរាល់ឆ្នាំ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។
មជ្ឈដ្ឋានអ្នករិះគន់បានលើកឡើងថា ជារៀងរាល់ឆ្នាំក្រសួងអប់រំ យុវជន និងកីឡា បានចំណាយលុយអស់រាប់ពាន់លានរៀល ដើម្បីរៀបចំឲ្យមានការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯកជាតិ ប៉ុន្តែក្នុងនាមជាស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ដែលប្រើប្រាស់ថវិកាជាតិទាំងមូលមិនបានចាក់ផ្សាយផ្ទាល់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៃការប្រកួតនោះឡើយ ហើយបែរជាឲ្យស្ថានីយ៍ទូរទស្សន៍ឯកជនមួយចំនួនធ្វើការចាក់ផ្សាយទៅវិញ។ ដូច្នេះគេចោទជាសំណួរថា តើទូរទស្សន៍ជាតិកំពុងធ្វើអ្វី?
ក្រុមអ្នកគាំទ្រ និងស្រឡាញ់វិស័យកីឡានៅកម្ពុជាបានលើកឡើងថា វិស័យកីឡាកម្ពុជាបច្ចុប្បន្នមានការស្រុតចុះមិនល្បីល្បាញលេចធ្លោដូចកាលពីសម័យសង្គមរាស្ត្រនិយមក្រោមព្រះរាជកិច្ចដឹកនាំរបស់អង់សម្តេចឪ សម្តេចតាទេ ជាពិសេស វិស័យកីឡាប្រដាល់ត្រូវបានស្ថានីយ៍ទូរទស្សន៍ឯកជនជាច្រើនរៀបចំឲ្យមានកម្មវិធីប្រកួតរៀងរាល់សប្តាហ៍ ដើម្បីធ្វើអាជីវកម្មជំនួញលើវិស័យកីឡាប្រដាល់នេះ ដែលពោរពេញទៅដោយអំពើពុករលួយ លក់ទិញដូរកីឡាករយ៉ាងព្រោងព្រាតគឺមិនមែនដើម្បីលើកស្ទួយមុខមាត់កីឡាប្រដាល់ឡើយ ខណៈដែលកីឡាប្រដាក់នេះ ត្រូវបានប្រទេសថៃមានមហិច្ឆតាច្បាមចង់យកធ្វើជាកម្មសិទ្ធិរបស់គេ។ រីឯស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាដែលចាយលុយជាតិបែរជាមិនខ្ចីចាប់អារម្មណ៍ចាក់ផ្សាយលើកមុខមាត់កីឡាប្រដាល់ពេលមានកម្មវិធីប្រកួតជ្រើសរើសជើងឯកជាតិរៀងរាល់ឆ្នាំទាល់តែសោះ។
សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម កឹម គុណវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មេត្តាចាប់អារម្មណ៍នៅក្នុងរឿងនេះផង៕
Source from: www.dtn7.com

Loading...
Loading...