ខេត្តបន្ទាយមានជ័យ ៖ រថយន្តកាមរីបានបើកទៅបុក ឡានយីឌុបពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរ កៀបជាប់នឹងរថយន្ត រងរបួសជាទម្ងន់ត្រូវបានគេដឹក យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុនស្រុកមង្គលបូរី កាលពីវេលាម៉ោង ៥ទៀបភ្លឺ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវកោង ខាងលិចស្ពានអូរត្បែង ចម្ងាយ ៣០០ម៉ែត្រ ស្ថិតនៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
អ្នកបើករថយន្តកាមរីដែលរងរបួសធ្ងន់ មានឈ្មោះ ខាត់ ខេងលី ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិកៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបររថយន្ត កាមរីពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A2505។ មុនពេលកើតហេតុ រថយន្តយីឌុបហ៊ីណូ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3 0919 ពណ៌ ត្រេអ៊ី បើកបរដោយឈ្មោះ រ៉េត រ័ត្ន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្ទឹងចក ឃុំកកោះ ស្រុកមងឫស្សី ខេត្តបាត់ដំបង ខូចទៅមុខពុំរួច ទើបម្ចាស់រថយន្តយីឌុបនោះ បានហៅរថយន្តយីឌុប ១គ្រឿងទៀតមកសាងទំនិញ។
អំឡុងពេលកំពុងសាងទំនិញនោះ មានរថយន្តកាមរី ១គ្រឿងដឹកត្រីពេញរថយន្ត បើកក្នុងល្បឿនលឿនពុំមើលស្ថានភាពផ្លូវកោង ក៏ជ្រុលទៅបុកនឹងរថយន្តយីឌុប ដែលកំពុងសាងឥវ៉ាន់នោះ ពេញមួយទំហឹងបណ្ដាលឲ្យកៀបជាប់ ទៅមុខលែងរួច។ អ្នកបើកបរត្រូវកៀបជាប់ក្នុងរថយន្ត រងរបួសបាក់ឆ្អឹងជំនី ៣កំណាត់ ត្រូវបានសមត្ថកិច្ចគាស់ទ្វារ យកចេញមកក្រៅដឹកតាមរថយន្ត សាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ចំណែករថយន្តដឹកត្រី បានខូចខាតផ្នែកខាងមុខទាំងស្រុង៕
Source from: watphnom-news.com

Loading...
Loading...