ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នងនៅខាងមុខ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាប់ការិយាល័យពន្លត់អគ្គិភ័យ បានឆេះម៉ត់ខូចខាតទ្រព្យសម្បត្តិ អស់ទាំងស្រុងកាលពីវេលាម៉ោង ១និង២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ បណ្តាលមកពីទូស្សេខ្សែភ្លើង ដោយសារឡានគ្មានទឹក ជួយពន្លត់ឲ្យបានទាន់ពេលវេលា ព្រោះតែមន្ត្រីការិយាល័យអគ្គិភ័យនេះ រវល់សប្បាយនឹងដើរផឹក។
ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញអណ្តាតភ្លើង ឆាបឆេះចេញពីផ្ទះមួយខ្នង ដែលប្រកបរបរធ្វើបាយសី និងសាធម៌ដូង រួចហើយបានឆាបឆេះរាលដាល ជាបន្តបន្ទាប់ទៅកាន់ផ្ទះផ្សេងៗទៀត រហូតអស់ជិត ៥ខ្នង ទើបឃើញមានមន្ត្រីពន្លត់អគ្គិភ័យ ចេញរថយន្តតូចមួយគ្រឿង មកជួយពន្លត់ នាំឲ្យស្ថានការណ៍ធូរស្រាលទៅវិញ ដោយប្រើរយៈពេលជាង ២ម៉ោង។
ប្រជាពលរដ្ឋបានរិះគន់ ទៅលើមន្ត្រីការិយាល័យ ពន្លត់អគ្គិភ័យខេត្តកណ្តាលចំៗថា ផ្ទះរបស់ពួកគាត់ដែលរងការឆាបឆេះ នៅប្រហែលជា ៥០ម៉ែត្រពី ទីតាំងរថយន្តពន្លត់អគ្គិភ័យ ប្រសិនបើខ្ជិលចេញរថយន្ត គ្រាន់តែអូសទុយោក៏មកដល់ផ្ទះ ដែលឆាបឆេះនោះដែរ ហេតុអ្វីបានជាមានការ ធ្វេសប្រហែសបង្កឲ្យមាន គ្រោះអគ្គិភ័យឆាបឆេះ រហូតដល់ ៥ខ្នងអស់រលីង ។
ពាក់ព័ន្ធនឹងករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នងខាងលើនេះ វត្តភ្នំ បានធ្វើការទំនាក់ទំនង ទៅកាន់លោកស្នងការរង ទទួលបន្ទុកស្ថិតិនិងអគ្គិភ័យ ដើម្បីសុំការបំភ្លឺជុំវិញបញ្ហា ក៏ប៉ុន្តែលោកពុំលើកទូរស័ព្ទ។ គេមិនដឹងថា ចំណាត់ការគ្រប់គ្រង ក្នុងអង្គភាពពន្លត់អគ្គិភ័យ ខេត្តកណ្តាលនេះ យ៉ាងណានោះទេ ព្រោះមានភាពអសកម្ម លែងនិយាយហើយ៕ ព្រះច័ន្ទ
Source from: watphnom-news.com

Loading...
Loading...