ខេត្ដកណ្ដាល ៖ បើតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល បានឱ្យដឹងថា បច្ចុប្បន្ននេះលោកផ្កាយ៣ ស៊ី ហ៊រហ៊ុយ ជាប្រធានក្រុមហ៊ុន នាគខៀវ កំពុងយកផ្លូវជាតិលេខ ២១បេដែលមានទីតាំងនៅភូមិ-ឃុំ ដូចខាងលើនេះ ធ្វើជាទីតាំងចតរថ យន្ដធំៗ ពេញលើផ្លូវនេះ សម្រាប់ឡើងទំនិញពីសាឡង់ធំៗ ដែលនាំមកពីប្រទេសវៀតណាម ដូចជា ឥដ្ឋការ៉ូ ដែក ស៊ីម៉ង់ត៍។
សកម្មភាពនេះបានបង្កផលពិបាក សម្រាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ តាមផ្លូវជាតិលេខ ២១បេ នេះនិងបណ្តាលឲ្យមាន ការកកស្ទះជារៀងរាល់ថ្ងៃ ហើយផ្លូវនៅត្រង់ចំណុចនោះ បានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកច្រាំងទន្លេ ក៏មានការបាក់ស្រុត ចូលទឹកទន្លេជារៀងរាល់ថ្ងៃ ផងដែរ ។ ករណីក្រុមហ៊ុននាគខៀវ ដែលបង្កភាពអនាធិបតេយ្យបែបននេះ តើលោក ផៃ ប៊ុនឈឿន អភិបាលខេត្ដកណ្ដាល គួរមានចំណាត់ការរបៀបណា ហើយបើអាសូរផ្លូវជាតិ និងអាណិតប្រជាពលរដ្ឋ គួរតែមានវិធានការ ឲ្យបានសមស្រប។
ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយពុំដែលឃើញមាន អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ ចុះទៅធ្វើការពិនិត្យមើល ពីផលប៉ះពាល់ដល់ពួកគាត់ ដែលបង្កដោយ ក្រុមហ៊ុននាគខៀវ របស់លោកផ្កាយ៣ ស៊ី ហ៊រហ៊ុយ ដែលកំពុងមានអំណាចអស្ចារ្យ សូម្បីតែផ្លូវសាធារណៈ ក៏គាត់ហ៊ានយកធ្វើ ជាទីតាំងចតរថយន្ដធំៗ សម្រាប់ដឹកជញ្ជូនទំនិញ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីការលំបាក របស់ប្រជាពលរដ្ឋនោះទេ ។
ប្រជាពលរដ្ឋបានរអ៊ូរទាំ ពីភាពអសកម្មដែលបង្កឡើង ដោយក្រុមហ៊ុន នាគខៀវ ដែលបានធ្វើសកម្មភាព ទាំងថ្ងៃទាំងយប់ រំខានការរស់នៅរបស់ពួកគាត់។ ព្រោះនៅពេល ពួកគេធ្វើសកម្មភាព លើកទំនិញដាក់ចូលរថយន្ដ តែងតែរោទិ៍ម៉ាស៊ីន សាឡង់ ឬក៏រោទិ៍ម៉ាស៊ីនរថយន្ដ ខ្លាំងៗ ដោយគ្មានការយោគយល់ថា នៅពេលយប់ ឬពេលថ្ងៃឡើយ ដោយពួកគេអាងមេកើយ ជាអ្នកធំ ហើយមានអំណាចខ្លាំងទៀតផង គ្មានអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ ណាហ៊ានមកក្បែរផងនោះ៕ ដោយ ព្រះច័ន្ទ
Source from: watphnom-news.com

Loading...
Loading...