ភ្នំពេញៈ គ្រួសារមួយរស់នៅ ៣០ ឆ្នាំ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក មានការភ័យរអារនឹងសុវត្ថិភាព និងការគំរាមដល់ជីវិតផ្ទួនៗគ្នា ក្រោយមានបុគ្គលិកក្រុមហ៊ុនឯកជន ចង់បណ្តេញគាត់ចេញពីផ្ទះគាត់ ដោយគ្មានសំណងសមរម្យ។
ការគំរាមធ្វើបានជីវិតគ្រួសារគាត់ កើតមានជាថ្មីទៀត នៅកាលព្រឹកថ្ងៃពុធទី៣០ តុលា វេលាម៉ោង ១ និង៣០ នាទី ទៀបភ្លឺ មានជនមិនស្គាល់មុខ ដែលគ្រួសារនេះ អះអាងថា ជាក្រុមក្មេងទំនើង កាងឲ្យក្រុមហ៊ុន ឃុន សៀរ បានយកសត្វពស់ ៣ ទៅ ៤ ក្បាល ច្រកចូលក្នុងថង់ មកព្រលែងតាមចន្លោះបង្អួច បោះចូលក្នុងលំនៅដ្ឋានពួកគាត់។ នេះបើតាមការអះអាងរបស់អ្នកស្រី ម៉ក់ ស៊ាវហ៊ូ អាយុ ៥១ ឆ្នាំម្ចាស់ផ្ទះទំហំ ៤៨០ ម៉ែត្រក្រឡា ដែលរស់នៅតាំងពីឆ្នាំ១៩៨៣ រហូតមក។
អ្នកស្រីបន្តថា នៅពេលឮសម្លេងអ្វីមួយធ្លាក់ចូលផ្ទះ ក៏អ្នកស្រីនិងប្តីភ្ញាក់ពីដំណេក មករកមើល ក៏ឃើញបុរសម្នាក់រត់ចេញយ៉ាងលឿនខាងក្រៅផ្ទះ ធ្វើឲ្យអ្នកស្រីចំណាំមិនបាន ដោយយប់ងងឹត ហើយលោកស្រីក៏ឃើញពស់ក្នុងថង់ធំមួយ ធ្លាក់មួយចេញក្រៅ ក៏វាទៅបាត់ និងសល់ពីរ ដែលពស់មួយក៏ត្រូវបានសមត្ថកិច្ច មកដល់កន្លែងកើតហេតុ ជួយវាយរហូតងាប់ពស់មួយ។
អ្នកស្រីថ្លែងថា៖ «ពួកវា ព្រលែងពស់ មានបំណងចង់ធ្វើបាបយើង ចង់ឲ្យពស់ចឹកយើងស្លាប់តែម្តង។ ពស់ហ្នឹងធំប៉ុនកដៃ ហើយប្រវែងជាង ១ មួយកន្លះ វាបើកវែកទៀតផង»។
គ្រួសារខាងលើឲ្យដឹងពីប្រវត្តិនៃជម្លោះដី ដែលមានតាំងពីឆ្នាំ ២០១២ នៅពេលដែលមានគ្រួសារចំនួន៤ ក្នុងចំណោម ៧ គ្រួសារ បានព្រមចាកចេញពីតំបន់ខាងលើនេះ ដើម្បីប្រគល់ដីឲ្យក្រុមហ៊ុនឃុន សៀ ប៉ុន្តែគ្រួសារ ៣ ទៀត ដែលមានគ្រួសារគាត់ដែរមិនព្រម ព្រោះបានសំណងត្រឹមតែ ១ ម៉ឺន ៥ ពាន់ដុល្លារ។ ដូច្នេះទើបធ្វើឲ្យក្រុមហ៊ុន ខាងលើ បានជួលយុវជនចរិកមិនល្អ ឲ្យមកធ្វើការកាងតំបន់ខាងលើ ព្រោះក្រុមហ៊ុនបានយកបានដីសង្កាត់បឹងកក់១និងផ្ទះចំនួន៤គ្រួសារនេះទៅហើយ និងបានធ្វើទុក្ខ រករឿងធ្វើម៉េចឲ្យក្រុមគ្រួសារគាត់បានចេញពីទីនេះ រហូតដល់បានបំពុលឆ្កែ ស្លាប់២ក្បាល កាលពីពេលថ្មីៗនេះផង។
នាយនគរបាលប៉ុស្តិ៍ សង្កាត់បឹងកក់១ លោក ហម គា ឲ្យដឹងថា គ្រួសារខាងលើមិនបានប្តឹងពីករណីមនុស្សគ្រវែងសត្វពស់ចូលផ្ទះគាត់ទេ ហើយចំពោះករណីជម្លោះដីធ្លីនេះ លោកមិនបានដឹងដែរ តែគ្រាន់តែដឹងថា តំបន់នេះជាដីចាស់របស់សង្កាត់ តែសង្កាត់បានផ្លាស់ប្តូរ និងបានផ្ទេរឲ្យក្រុមហ៊ុន ឃុន សៀទៅវិញ ដូច្នេះពលរដ្ឋដែលរស់នៅក្នុងដីសង្កាត់ដែលជាដីរដ្ឋ ក៏ត្រូវចាកចេញ ដោយទទួលសំណងពីក្រុមហ៊ុនផងដែរ។
លោកថ្លែងថា ៖ «បួនគ្រួសារ ក្រុមហ៊ុនឲ្យ ១ ម៉ឺន ៥ ពាន់ ឯបីគ្រួសារនេះ គាត់ថាតិចពេក និងចង់បានម្នាក់ ៣០ ម៉ឺន អ៊ីចឹងក្រុមហ៊ុន មិនព្រម»។
មិនអាចទាក់ទងទៅកាន់ក្រុមហ៊ុនបានទេ កាលពីម្សិលមិញ។
ម្ចាស់ផ្ទះកំពុងចាប់ពស់ដែលត្រូវបានគេព្រលែងចូល។ រូបថត ផា លីណា
ប្រភពពី៖ www.khmer-note.com

Loading...
Loading...