រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា អាណត្តិទី៥ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ តាមដងទន្លេមេគង្គនិងដងទន្លេបាសាក់ រហូតដល់មានការសម្រេចជាថ្មីពីរាជរដ្ឋាភិបាល ។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៣៥ សសរ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ដែលតម្រូវឲ្យមានការផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទតាមដងទន្លេមេគង្គ និងដងទន្លេបាសាក់នោះ គឺមិនឃើញមានសំអាងលើមូលហេតុអ្វីពិតប្រាកដទេ ហើយក៏មិនឃើញមានការយោងតាមការផ្តល់យោបល់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នោះដែរ គឺគ្រាន់តែបានបញ្ជាក់ថា «យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល » ប៉ុណ្ណោះ ។
សូមរំលឹកជូនដែរថា កាលពីខែធ្នូ ឆ្នាំ២០០៧ កន្លងមក ក្រោយមានការបាក់ច្រាំងទន្លេមេគង្គនៅតំបន់កោះនរាយ៉ាងខ្លាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីបានធ្វើចំណារឯកភាពចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៧ នៅលើរបាយការណ៍ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៧ របស់ឯកឧត្តម លឹម គានហោ សម្រេចឲ្យមានការផ្អាកជាបណ្តោះអាសន្នទាំងស្រុងនូវរាល់សកម្មភាពធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
តាមការកត់សម្គាល់នាពេលកន្លងមក បានបង្ហាញឲ្យឃើញថា ទោះបីជាមានគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលផ្អាកនូវរាល់សកម្មភាពធ្វើអាជីវកម្មបូមខ្សាច់គ្រប់ប្រភេទក៏ដោយ ក៏នៅតែមានក្រុមហ៊ុនធំៗគ្រាក់ៗស្និទ្ធនឹងក្រុមគ្រួសារសម្តេចនាយករដ្ឋមន្ត្រីផង ស្និទ្ធនឹងមន្ត្រីមានអំណាចក្នុងជួររាជរដ្ឋាភិបាលផង ធ្វើសកម្មភាពបូមខ្សាច់យ៉ាងគគ្រឹកគគ្រេងដដែល ។
ក្រោយមកទៀត នាអំឡុងឆ្នាំ២០០៩ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ២៩សសរ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការធ្វើអាជីវកម្មខ្សាច់ដូចតទៅ ៖
១-ចំពោះការធ្វើអាជីវកម្មខ្សាច់ទឹកសាប ៖ ខ្សាច់ទឹកសាបដែលមាននៅក្នុងទន្លេ ស្ទឹង ព្រែក អូរ …អាចអនុញ្ញាតឲ្យធ្វើអាជីវកម្មបានក្នុងករណី ៖ -តែការធ្វើអាជីវកម្មនោះគឺដើម្បីបម្រើដល់តម្រូវការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ ។ -អាចអនុញ្ញាតឲ្យអាជីវកម្មបានតែនៅកន្លែងណាដែលបច្ចេកទេសពិនិត្យទៅឃើញថាមានខ្សាច់ដុះកកស្ទះ ជាហេតុបណ្តាលឲ្យប៉ះពាល់ដល់ផ្លូវទឹកតែប៉ុណ្ណោះ ។ -បញ្ឈប់ការនាំខ្សាច់ចេញទៅក្រៅប្រទេស ។
២-ចំពោះការធ្វើអាជីវកម្មខ្សាច់សមុទ្រ ៖ -មិនអនុញ្ញាតឲ្យធ្វើអាជីវកម្មលើធនធានខ្សាច់សមុទ្រ ទោះបីជាទីតាំងនោះឋិតនៅឆ្ងាយពីឆ្នេរ ឬពីកោះក៏ដោយ ។ -អាចអនុញ្ញាតបានចំពោះតែកន្លែងណាដែលមានខ្សាច់ដុះគោករាក់ និងអាចបំពេញវិញបានជាលក្ខណៈធម្មជាតិ តែតម្រូវឲ្យមានការបំពេញលក្ខខណ្ឌបច្ចេកទេសជាមុន ។
មជ្ឈដ្ឋានអ្នកជំនួញនៅកម្ពុជា បាននិយាយថា ការបិទនិងការផ្អាកអាជីវកម្មខ្សាច់ម្តងៗ គឺមន្ត្រីពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ដែលមានឯកឧត្តម លឹម គានហោ ជាប្រធាននោះ តែងទទួលបានលាភសក្ការៈជាបន្តបន្ទាប់ ហើយច្រើនលើសដើមថែមទៀត ពីព្រោះពេលសុំដំណើរការអាជីវកម្មវិញ ក្រុមហ៊ុនឬឈ្មួញត្រូវបង់លុយសាជាថ្មីមួយវគ្គទៀត និងច្រើនជាងមុន ទើបអាចឈរជើងជាប់លើមុខរបរអាជីវកម្មខ្សាច់នេះ ៕
Source from: www.dtn7.com

Loading...
Loading...