នៅវេលាម៉ោង១២ថ្ងៃត្រង់នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ តាមដងទន្លេមេគង្គ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមប្រជាពលរដ្ឋបានប្រទះឃើញសពទារកអាយុ៨ខែម្នាក់ អណ្តែតទឹកទន្លេ ហើយបាននាំគ្នាស្រង់មករួចប្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាឲ្យពិនិត្យសាកសព ខណៈសាកសពទារកនោះមានក្លិនស្អុយបន្តិចទៅហើយ។
បន្ទាប់ពីសមត្ថកិច្ចពិនិត្យសាកសពទារកនេះរួចមកទើបធ្លាយព័ត៌មានដល់ស្ត្រីម្នាក់ឈ្មោះ យ៉ាត ចំប៉ា អាយុ២៣ឆ្នាំ មុខរបរមេផ្ទះមានទីលំនៅភូមិព្រែកក្របៅ៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលអះអាងថា ជាម្តាយទារកមកដល់កន្លែងកើតហេតុរួចស្រែកទ្រហោយំចំពោះមុខសពកូនប្រុស និងបានរៀបរាប់ប្រាប់សមត្ថកិច្ចថា សពកូនប្រុសរបស់ខ្លួនមានឈ្មោះ រ៉ុម ផាន់នាណា ហៅរាជ ទើបមានអាយុត្រឹម៨ខែប៉ុណ្ណោះ។
ស្ត្រីឈ្មោះ យ៉ាត ចំប៉ា បានរៀបរាប់ឲ្យដឹងថា គាត់បានរៀបការពេញច្បាប់ជាមួយបុរសម្នាក់ឈ្មោះ ហ៊ុន រ៉ុម អាយុ២៦ឆ្នាំ មុខរបរជាចុងភៅនៅភោជនីយដ្ឋានក្រុងកម្ពុជា មានទីតាំងឋិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅស្រុកព្រះសេ្តច ខេត្តព្រៃវែង ហើយទទួលបានចំណងដៃនូវកូនប្រុសអាយុ៨ខែនេះម្នាក់គត់។
នាង យ៉ាត ចំប៉ា បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងទៀតថា រយៈពេលប្រមាណ២-៣ថ្ងៃមុនរូបនាង និងប្តីបានឈ្លោះប្រកែកគ្នា រហូតដល់ថ្នាក់សុំលែងលះគ្នាដល់ឃុំព្រែកអំពិល។ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ម្សិលមិញរូបនាងបានពកូនទៅរកជួបប្តីនៅរាជធានីភ្នំពេញ ដើម្បីនិយាយអំពីការបែងចែកកូន។ ដោយសារនាងគ្មានលទ្ធភាពចិញ្ចឹមកូន នាងក៏បានសុខចិត្តប្រគល់កូននោះទុកឲ្យប្តីចិញ្ចឹមទោះនាងដឹងថា មូលហេតុនៃការលែងលះគ្នានោះគឺដោយសារប្តីមានស្រីថ្មីក៏ដោយ។ មុននឹងប្រគល់កូនឲ្យទៅប្តីគឺរូបនាង និងកូនព្រមទាំងប្តីបានថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍ទៀតផង រួចក៏បែកគ្នាទៅ។
ស្រាប់តែមកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ មានគេទូរស័ព្ទមកប្រាប់ថា កូនប្រុសរបស់នាងដែលប្រគល់ទុកឲ្យប្តីចិញ្ចឹមនោះបានស្លាប់អណ្តែតទឹកទន្លេបាត់ទៅហើយ តែនាងមិនទាន់ជឿឡើយ លុះមកដល់ឃើញសពផ្ទាល់ ទើបនាងស្គាល់ថា ជារូបកូនប្រុសនាង រួចយំសន្លប់បាត់ស្មារតីតែម្តង។
ការសន្និដ្ឋានជាជំហានដំបូងសមត្ថកិច្ចបានបង្ហាញតម្រុយថា ទំនងជាឪពុកចិត្តតិរច្ឆានខឹងប្រពន្ធធ្វើអ្វីមិនកើតក៏យកកូនប្រុសបោះចោលនៅក្នុងទឹកទន្លេឲ្យស្លាប់ផុតពូជតែម្តង។ ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចនឹងបន្តស៊ើបអង្កេតស្រាវជ្រាវ និងធ្វើការនាំខ្លួនបុរសជាប្តីយកមកសាកសួរបន្ថែមទៀត៕
Source from: www.dtn7.com

Loading...
Loading...