រូបភាពអំពើហិង្សាក្នុងសកម្មភាពបង្ក្រាបបាតុកម្មរបស់កម្មករ កម្មការិនីរោងចក្រSL Garment Processing (Cambodia) Ltd នៅមុខវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ម្សិលមិញពីសំណាក់សមត្ថកិច្ចប្រដាប់អាវុធដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់នោះ គឺបានធ្វើឲ្យមជ្ឈដ្ឋាននានាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
យោងតាមរបាយការណ៍របស់អគ្គស្នងការរដ្ឋាននគរបាលជាតិចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ បានឲ្យដឹងថា ក្នុងហេតុការណ៍អំពើហិង្សារវាងក្រុមសមត្ថកិច្ចនិងក្រុមបាតុករនោះ មានសមត្ថកិច្ចរងរបួសធ្ងន់និងស្រាលចំនួន៤៧នាក់ ស្លាប់ប្រជាពលរដ្ឋ១នាក់ និងរបួសធ្ងន់ ស្រាលចំនួន៩នាក់ ព្រមទាំងដុតបំផ្លាញរថយន្ត២គ្រឿង ម៉ូតូ២គ្រឿងរបស់សមត្ថកិច្ចនិងបែកកញ្ចក់រថយន្តអគ្គិភ័យ២គ្រឿង ។
សំណួរសួរថា តើនរណាជាអ្នកទទួលខុសត្រូវខ្ពស់ក្នុងព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនិងសោកស្តាយនេះ?
មុននឹងឆ្លើយនូវសំណួរនេះ ប្រិយមិត្តអ្នកអានគប្បីស្វែងយល់ឲ្យដឹងថា ចំពោះអាជ្ញាធរតើនរណាជាអ្នកមានភារកិច្ចលើការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាសរសេរកាត់ថា «គ.ក.ប» និងខាងក្រុមបាតុករដែលជាកម្មករ កម្មការិនីរោងចក្រSL ឬតំណាងជាសហជីពរបស់ពួកគេតើនរណាជាអ្នកដឹកនាំសិន ។
អនុលោមតាមមាត្រា២នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៤៨៩ អនក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ គឺឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ«តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣» ជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា សរសេរកាត់ថា «គ.ក.ប» ដែលជាយន្តការដោះស្រាយនិងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ។ រីឯ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន គ.ក.ប នេះ ។
ដោយឡែកខាងភាគីសហជីពតំណាងឲ្យកម្មករ និយោជិតរោងចក្រSL ដែលធ្វើការតវ៉ាទាមទារលក្ខខណ្ឌការងារពីថៅកែរោងចក្រមានរយៈពេលរ៉ាំរ៉ៃជាង៣ខែ រហូតដល់កើតមានអំពើហិង្សាច្រើនលើកច្រើនសាររួចមកហើយនោះ គឺសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលមានលោក អាត់ ធន់ ជាប្រធានសម្ព័ន្ធសហជីព ហៅកាត់ថា «ស៊ីខាវឌូ» នេះ ។
ខាងភាគីថៅកែរោងចក្រSL ធ្លាប់បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចមកហើយ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយប្តឹងចោទប្រកាន់លោក អាត់ ធន់ និងគូកន ព្រមទាំងកម្មករ កម្មការិនី រោងចក្រSL ដែលជាសកម្មជនសហជីព ស៊ីខាវឌូ ចំនួន៩នាក់ផ្សេងទៀត ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋមានស្ថានទម្ងន់ទោស ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចរោងចក្រកាត់ដេរSL ។ តំណាងសហជីព ស៊ីខាវឌូ និងថ្នាក់ដឹកនាំសហជីព ស៊ីខាវឌូ ប្រចាំរោងចក្រSL ព្រមទាំងកម្មករ កម្មការិនីរោងចក្រSL ដែលជាសកម្មជនសហជីព ស៊ីខាវឌូ ចំនួនជិត២០នាក់ផ្សេងទៀត ធ្លាប់មានឈ្មោះជាជនត្រូវចោទរួចហើយដោយត្រូវតុលាការចោទប្រកាន់ពីបទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ។
លោក អាត់ ធន់ ក្រៅពីមានឋានៈជាប្រធានសម្ព័ន្ធសហជីព ស៊ីខាវឌូ គឺមានតួនាទីជាសមាជិកគណៈកម្មការប្រឹក្សាការងារ«LAC» និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គមខាងភាគីតំណាងកម្មករ និយោជិត សមាជិកនៃ ប.ស.ស «តែងតាំងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៩០៣អនក្រ.តត ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣» ពោលគឺ អាចនិយាយបានថា លោក អាត់ ធន់ ជាមនុស្សស្និទ្ធនឹងឯកឧត្តម អ៊ិត សំហេង តែម្តង ។
ដូច្នេះ រួមសេចក្តីមកឯកឧត្តម អ៊ិត សំហេង ជាអ្នកទទួលខុសត្រូវខ្ពស់លើករណីមនុស្សស្លាប់និងរបួស ព្រមទាំងការខូចខាតទ្រព្យសម្ភារៈទាំងអស់ក្នុងព្រឹត្តិការណ៍សមត្ថកិច្ចបង្ក្រាបកម្មកររោងចក្រSL នាថ្ងៃម្សិលមិញនេះ ។
ឯកឧត្តម អ៊ិត សំហេង អាយុ៥៩ឆ្នាំ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ធ្លាប់បានកាន់តំណែងជាប្រធាន គ.ក.ប អស់ជាច្រើនឆ្នាំតាំងពីនៅជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មកម្ល៉េះ ។ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កន្លងមក ឯកឧត្តម អ៊ិត សំហេង បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលំដាប់លេខរៀងទី៤របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលរាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលត្រូវជាប់ឆ្នោត ប៉ុន្តែឯកឧត្តមរូបនេះមិនធ្វើជាអ្នកតំណាងរាស្ត្រទេ ក៏បានដកខ្លួនថយដើម្បីទទួលធ្វើជារដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៥ នេះតែម្តង ៕
Source from: www.dtn7.com

Loading...
Loading...