ខេត្តបាត់ដំបង ៖ ទំនងជាស្តាប់ច្រឡំថា អ្នកជិតខាងឌឺដងឲ្យខ្លួន ស្រាប់តែបុរសទំនើង ២នាក់ស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក បានយកដបស្រាបៀរអង្គរ វាយយុវជនពីរនាក់ បែកក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង ២០យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចតូបលក់ចាប់ហួយ ស្ថិតក្នុងភូមិដង្កោ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ បុរសសង្ស័យទាំង ២នាក់នេះត្រូវនគរបាលឃាត់ខ្លួនកាលពីម៉ោង ៨ព្រឹកថ្ងៃទី០៥ នៅភូមិរាមសេនា ឃុំល្វា ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
បុរសសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ លន់ ណាន់ អាយុ ២១ឆ្នាំនិងឈ្មោះ ផ្លៃ ខេមរិន្ទ អាយុ ២៣ឆ្នាំ ទាំង ២នាក់នេះមានទីលំនៅ ក្នុងភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ សៀង វ៉ាន់ណៃ អាយុ ១៩ឆ្នាំ រងរបួសក្បាលនិងឈ្មោះ អំ លៀង អាយុ ២១ឆ្នាំ រងរបួសក្បាល មានមុខរបរជាជាងឈើ មានទីលំនៅក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បុរសសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដបស្រាបៀរអង្គរ និងកែវវាយទៅលើយុវជនទាំង ២នាក់នោះមែន ព្រោះពួកគេបាននិយាយ ពេលខ្លួនកំពុងស៊ីផឹកថា ក្អួតដូចល្ខោន។ បើតាមសាក្សី និងជនរងគ្រោះបានបញ្ជាក់ថា ពួកគេថាឲ្យអ្នកផ្សេងដែលក្អួត ថាបើក្អួតចាំក្អួតថ្ងៃស្អែកទៅ ដោយជនសងសង្ស័យស្តាប់ច្រឡំ ក៏ហក់ទៅវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសតែម្តង៕
Source from: watphnom-news.com

Loading...
Loading...