រាជធានីភ្នំពេញ ៖ រឿងដែលកម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង បានបង្ក្រាបការដឹកជញ្ជូន ទូរស័ព្ទទំនើបៗអត់បង់ពន្ធជិត ១៥០០ គ្រឿង កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បានក្លាយជាកម្មវត្ថុដ៏សំខាន់មួយ ដែលថ្នាក់ដឹកនាំគយនិងរដ្ឋាករ បានកោះហៅប្រធាន និងអនុប្រធាន ការិយាល័យគយប្រចាំច្រកព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាប មកបំភ្លឺ។ បើតាមមតិខ្សឹបខ្សៀវជាច្រើន បានឲ្យដឹងថា លោក អង សុខិណោ ជាប្រធានការិយាល័យគយនៅទីនោះ ជាអ្នកទទួលខុសត្រូវធំជាងគេក្នុងការឃុបឃិត ឲ្យឈ្មួញនាំចូលទូរស័ព្ទទំនើបៗ ដោយមិនបង់ពន្ធ ប៉ុន្តែលោក អង សុខិណោ កំពុងចាយលុយ ដើម្បីរត់រកអន្តរាគមន៍ ឲ្យរួចផុតពីការចាប់កំហុស។
ប្រភពព័ត៌មានដែលធ្លាយចេញ ពីទីចាត់ការគយនិងរដ្ឋាករបានឲ្យដឹងថា ថ្នាក់ដឹកនាំគយបានកោះហៅ លោក អង សុខិណោ និងអនុប្រធានរបស់គាត់ម្នាក់ទៀត ឲ្យចូលខ្លួនមកបំភ្លឺ ពីករណីដែលក្រុមឈ្មួញ នាំចូលទូរស័ព្ទអត់ពន្ធស៊េរីទំនើបៗ តាមច្រកព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាប ហើយត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកស្ទោងបង្ក្រាបបាន។ ទូរស័ព្ទទំនើបៗទាំងនោះ មានតម្លៃចាប់ពី ៣០០ទៅ៥០០ ដុល្លារអាមេរិក មានចំនួនជិត ១៥០០គ្រឿង ផ្ទុកក្នុងវ៉ាលីធំៗពណ៌ខ្មៅចំនួន៤ ដែលបន្លំជាឥវ៉ាន់របស់អ្នកដំណើរ ហើយត្រូវបានមេឈ្មួញ រត់ពន្ធទូរស័ព្ទដ៏មានឥទ្ធិពលម្នាក់ ឈ្មោះ តាវែង ប្រើប្រាស់រថយន្តទំនើប ម៉ាករ៉ង់រូវ៉ែ អត់ស្លាកលេខ ដឹកជញ្ជូនទូរស័ព្ទគេចពន្ធ ពីខេត្តសៀមរាប មកលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ។
លោក អង សុខិណោ បានឆ្លើយដោះសារយករួចខ្លួន ថាគាត់អវត្តមាន ហើយអនុប្រធានរបស់គាត់ម្នាក់ទទួលការងារជំនួស ប៉ុន្តែបើតាមការបញ្ជាក់ របស់មន្ត្រីគយមួយចំនួន បានឲ្យដឹងថា អំឡុងពេលទូរស័ព្ទទំនើបៗ គេចពន្ធទាំង ៤វ៉ាលីនោះមកដល់ ច្រកព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាប គឺលោក អង សុខិណោ កំពុងប្រចាំការនៅទីនោះ មិនទាន់ចេញដំណើរមកភ្នំពេញទេ។ យ៉ាងណាក៏ដោយ លោក អង សុខិណោ បានព្យាយាមតាមគ្រប់មធ្យោបាយ ក្នុងការឆ្លើយភូតកុហកថ្នាក់លើ ថាគាត់បានផ្ទេរសិទ្ធិឲ្យអនុប្រធាន មិនបានដឹងឮពីការនាំចូលទូរស័ព្ទ គេចពន្ធទាំងនោះទេ ដើម្បីដោះបន្ទុកគេចវេះ ពីការទទួលខុសត្រូវ ហើយដោយសារតែមានខ្សែទុយោសម្រាប់ជួយអន្តរាគមន៍ផងនោះ លោក អង សុខិណោ តែងតែគិតថាគាត់អាច រួចផុតពីការចោទប្រកាន់ផ្សេងៗ ទាក់ទិននឹងករណីរត់ពន្ធទូរស័ព្ទនេះ។
ដើម្បីឲ្យមានតម្លាភាព សម្រាប់ការស៊ើបអង្កេត ចំពោះអំពើឃុបឃិតឲ្យ ក្រុមឈ្មួញនាំចូលទូរស័ព្ទគេចពន្ធ នៅតាមច្រកព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាប គួរបង្កើតគណៈកម្មការចម្រុះមួយ ទៅឆែកឆេរកាមេរ៉ាសន្តិសុខ នៅច្រកព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាប ដែលមានគ្រប់ទីកន្លែងទាំងអស់ ពិតជាឃើញច្បាស់ពីវត្តមានរបស់លោក អង សុខិណោ អំឡុងពេលដែលវ៉ាលីធំៗចំនួន ៤ ពណ៌ខ្មៅ ផ្ទុកទូរស័ព្ទគេចពន្ធបង្កប់ជាមួយវ៉ាលីអ្នកដំណើរ។ វាអាចជាភស្តុតាងដ៏សំខាន់មួយ ក្នុងការ ទាមទារឲ្យលោក អង សុខិណោ ទទួលខុសត្រូវចំពោះការឃុបឃិត ឲ្យឈ្មួញនាំចូលទូរស័ព្ទគេចពន្ធ តាមច្រកនេះ សឹងរាប់ភ្លេចទៅហើយ ទើបតែបែកការណ៍នៅពេលដែល កម្លាំងអាវុធហត្ថស្រុកស្ទោង បង្ក្រាបកាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា។
គេចាំបានថា លោក អង សុខិណោ មុនពេលឡើងតំណែង ជាប្រធានការិយាល័យគយ ប្រចាំច្រកព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាប គាត់បានកាន់ឃ្លាំងរបស់ ជំនាញគយប្រចាំច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ឡើងដុះស្លែទៅហើយ ទើបគាត់មានទំនាក់ទំនង ជាមួយក្រុមឈ្មួញរកស៊ី នាំចូលទូរស័ព្ទគេចពន្ធ ។ កាលពីពេលមុនទូរស័ព្ទគេចពន្ធ ត្រូវបាននាំចូលតាមច្រក ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ប៉ុន្តែចាប់តាំងពីពេលដែលលោក អង សុខិណោ បានឡើងតំណែងជា ប្រធានការិយាល័យគយ នៅច្រកព្រលានយន្តហោះ ខេត្តសៀមរាប គាត់ក៏បានកេណ្ឌប្រមូល ឈ្មួញនាំចូលទូរស័ព្ទគេចពន្ធរួមមាន តាវែង ជាដើមឲ្យផ្លាស់ប្តូរទីតាំង នាំចូលទូរស័ព្ទគេចពន្ធ តាមច្រកដែលគាត់កាន់កាប់ ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិរាប់ម៉ឺន ដុល្លារអាមេរិកក្នុងមួយខែៗ ៕
Source from: watphnom-news.com

Loading...
Loading...