ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន ទទួលបានការតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនអស់ជាច្រើនឆ្នាំមកហើយតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតួនាទីជាចៅហ្វាយខេត្តនេះត្រូវបំពេញមុខងារក្រោមស្ថាប័ននីតិប្រតិបត្តិ «រាជរដ្ឋាភិបាល» មានក្រសួងមហាផ្ទៃជាអាណាព្យាបាលផ្ទាល់ ។
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ លោកជំទាវបាន ស្រីមុំ អាយុ៣៧ឆ្នាំ ត្រូវជាភរិយារបស់ឯកឧត្តម អ៊ី ឈាន បានក្លាយជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តប៉ៃលិន ។ មានន័យថា ប្រពន្ធធ្វើជាអ្នកតំណាងរាស្ត្របម្រើការងារក្នុងស្ថាប័ននីតិប្បញ្ញត្តិ រីឯប្តីធ្វើជាអភិបាលខេត្តបម្រើការងារក្នុងស្ថាប័ននីតិប្រតិបត្តិសម្រាប់គ្រួសារមហាអំណាចប្រមូលផ្តុំមួយនេះ ។
អនុលោមតាមគោលការណ៍ច្បាប់ តំណាងរាស្ត្រក្នុងរដ្ឋសភាមានតួនាទីឃ្លាំមើលការអនុវត្តច្បាប់និងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្តិ ដែលក្នុងនោះមុខតំណែងចៅហ្វាយខេត្តក៏ជាផ្នែកមួយឋិតនៅក្នុងខ្សែបណ្តោយរបស់ស្ថាប័ននីតិប្រតិបត្តិដែរ ។
គេចោទជាសំណួរថា ឧទាហរណ៍ ឯកឧត្តម អ៊ី ឈាន ជាស្វាមីមានកំហុសឆ្គងក្នុងការបំពេញភារកិច្ចជាអភិបាលខេត្តប៉ៃលិនឬត្រូវប្រជារាស្ត្ររស់នៅខេត្តប៉ៃលិនដាក់ពាក្យបណ្តឹងប្រឆាំងនឹងឯកឧត្តម អ៊ី ឈាន ដោយប្រការណាមួយ តើលោកជំទាវបាន ស្រីមុំ ក្នុងនាមជាអ្នកតំណាងរាស្ត្រខេត្តប៉ៃលិនទាំងមូលអាចស៊ើបអង្កេតនិងចាត់ការលើពាក្យបណ្តឹងរបស់ប្រជារាស្ត្រព្រមទាំងហ៊ានធ្វើរបាយការណ៍អំពីកំហុសឆ្គងរបស់ស្វាមីខ្លួនជូនប្រមុខរាជរដ្ឋាភិបាលដោះស្រាយដែរឬទេ ?
ក្រុមអ្នកច្បាប់បានលើកឡើងថា ដោយសារក្នុងរង្វង់គ្រួសារប្តី-ប្រពន្ធ មានផលប្រយោជន៍រួមគ្នាតែមួយ ទើបច្បាប់ពាណិជ្ជកម្មមិនអនុញ្ញាតឲ្យប្តី-ប្រពន្ធបើកក្រុមហ៊ុនរកស៊ីរួមគ្នានោះឡើយ ។
យោងតាមប្រព័ន្ធនៃការកាន់កាប់អំណាចក្នុងគ្រួសារតែមួយ ទោះក្នុងស្ថាប័នផ្សេងគ្នាក៏ដោយ គឺមជ្ឈដ្ឋាននានាអាចផ្តល់ចម្លើយបានថា លោកជំទាវបាន ស្រីមុំ ជាអ្នកតំណាងរាស្ត្រក្នុងស្ថាប័ននីតិប្បញ្ញត្តិ ប្រាកដជាមិនប្រឆាំងទៅនឹងឯកឧត្តម អ៊ី ឈាន ជាចៅហ្វាយខេត្តនិងជាស្វាមីរបស់ខ្លួន ដែលបម្រើការងារក្នុងស្ថាប័ននីតិប្រតិបត្តិនាំឲ្យខូចខាតផលប្រយោជន៍គ្រួសារនោះទេ ។
ក្រៅពីមានមុខងារជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម អ៊ី ឈាន ក៏ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទមួយរូបមានអត្តលេខ០០៣៨០៤ និងមានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៤«ដំឡើងឋានន្តរស័ក្តិដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៩/១១៨៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៩» ។
សរុបសេចក្តីមក ប្រសិនបើមានឆន្ទៈកែទម្រង់ការដឹកនាំប្រទេសពិតប្រាកដមែន សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាបុរសខ្លាំងនៃកម្ពុជាមេត្តាពិចារណាទៅលើមុខតំណែងរបស់ឯកឧត្តម អ៊ី ឈាន ជាចៅហ្វាយខេត្តប៉ៃលិន ដែលមានលោកជំទាវជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិននោះផង ដើម្បីឈានទៅលុបបំបាត់ភាពច្របូកច្របល់ក្នុងប្រព័ន្ធគ្រប់គ្រងកាន់កាប់អំណាចរបៀបនេះជាស្ថាពរក្នុងអាណត្តិទី៥ ៕
Source from: www.dtn7.com

Loading...
Loading...