ខេត្តរតនគិរី ៖ ដោយសារការធ្វេសប្រហែស របស់អ្នកគ្រប់គ្រង បានធ្វើឲ្យអ្នកទោសចំនួន ០៦នាក់ អារចំរឹងបង្អួចពន្ធនាគារខេត្តរតនគិរី រត់គេចខ្លួនដោយសុវត្ថិភាព កាលពីម៉ោង ៣និង៣០ នាទីទៀបភ្លឺថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្តែអ្នកទោសម្នាក់ ត្រូវបាន អនុរក្សពន្ធនាគារតាមចាប់ខ្លួន បានវិញក្រៅពីនោះមិនដឹងថា រត់ដល់ទីណាទេ ហើយមុនពេលធ្វើសកម្មភាព អារចំរឹងបង្អួចរត់គេចខ្លួន ក្រុមអ្នកទោសទាំងនោះ បានឈ្លោះប្រកែកគ្នា ប៉ុន្តែពុំមានអំពើហិង្សា ណាមួយធ្ងន់ធ្ងរនោះទេ។
សូមរំលឹកថា លោក ងិន ណែល ប្រធានពន្ឋនាគារខេត្តរតនគិរី មានការធ្វេសប្រហែស គ្រប់គ្រងការងារមិនបានល្អ កេងប្រវ័ញ្ចរបបអ្នកទោស ហើយកន្លងមកក៏មានករណី អ្នកទោសប្រើប្រាស់គ្រឿងញៀនផងដែរ។ សូម្បីតែមន្ត្រីមួយចំនួន ក៏មិនពេញចិត្តចំពោះ ការគ្រប់គ្រងដឹកនាំដ៏អសកម្ម របស់លោក ងិន ណែល ផងដែរ ប៉ុន្តែលោក គុយ ប៊ុនសន ជាអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ចេះតែអោបក្រសោបលោក ងិន ណែល ដោយសារតែមានទំនាក់ទំនងពិសេសអ្វីម៉្យាងហើយមើលទៅ។
តាមប្រភព័ត៌មានបានឲ្យដឹងថា ក្នុងចំណោមអ្នកទោសទាំង ៦នាក់ ដែលរត់គេចខ្លួននោះ មានអ្នកទោសម្នាក់ត្រូវបានចាប់ខ្លួនមកវិញ សមត្ថកិច្ចបានបញ្ជាក់ថា អ្នកទោសចំនួន ៦នាក់ បានប្រើរណាអារចំរឹងដែក ហើយលួចរត់គេចខ្លួននោះ មានម្នាក់ជាជនដៃដល់ បាញ់សម្លាប់ថៅកែចម្ការកៅស៊ូ យ៉ាងសាហាវមានឈ្មោះ សុខ ណា ហៅ ខ្នា និង ៥នាក់ទៀត ជាប់ចោទពីបទរំលោភ និងចោរកម្ម។ ប៉ុន្តែក្រុមសមត្ថកិច្ច បានតាមប្រកិតពីក្រោយ ក៏ចាប់ខ្លួនបានអ្នកទោសម្នាក់ ជាប់ចោទពីបទរំលោភត្រឡប់មកវិញ បន្ទាប់ពីពួកគេស្វែងរកកន្លែង ដើម្បីគេចខ្លួនពីការតាមចាប់ របស់អាជ្ញាធរ។
ពិរុទ្ធជនទាំង ៦នាក់នោះមានទី១. ឈ្មោះ នៅ សុខណា ហៅ ខ្នា ប្រព្រឹត្តអំពើមនុស្សឃាត ទី២. ឈ្មោះ ធ្វើន ទន់ ប្រព្រឹត្តអំពើចោរកម្ម ទី៣. ឈ្មោះ វ៉ាន់ វិចិត្រ ប្រព្រឹត្តអំពើគ្រឿងញៀន, ទី៤. ឈ្មោះ ធុំ ឃូ ហៅ ដាំ ផន ប្រព្រឹត្តអំពើចោរកម្ម, ទី៥. ឈ្មោះ ថៃ រិទ្ធ ប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាស់ តែជនម្នាក់នេះត្រូវបានចាប់ខ្លួនត្រឡប់មកវិញ។ និងទី៦. ឈ្មោះ គឹម បូរ៉ាន់ ប្រព្រឹត្តអំពើគ្រឿងញៀន។ ក្រោយពេលកើតហេតុ សមត្ថកិច្ចតុលាការបានចុះស៊ើបអង្កេត និងសួរនាំជនដែលចាប់បានមកវិញ អំពីការហែកគុករត់គេចខ្លួននោះផងដែរ៕
Source from: watphnom-news.com

Loading...
Loading...