ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តក្រុមហ៊ុនសំរាមស៊ីនទ្រីនៅមុខវិទ្យាល័យទួលអំពិល ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង១៦ និង ២៥នាទីល្ងាចកន្លងមក ដែលបណ្តាលឲ្យជនរងគ្រោះជិះទោចក្រយានយន្តម្នាក់ស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរនោះ ត្រូវបានបិទបញ្ចប់សំណុំរឿងហើយ ត្រឹមក្រុមហ៊ុនបង់ថ្លៃសំណងចំនួន២.៤០០ដុល្លារអាមេរិក ។
ក្រុមសាច់ញាតិគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តក្រុមហ៊ុនសំរាមស៊ីនទ្រីបើកបរបុកបងប្អូនគាត់ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់នោះត្រូវបិទបញ្ចប់សំណុំរឿងហើយ ដោយពួកគាត់ព្រមទទួលយកប្រាក់សំណងចំនួន២.៤០០ដុល្លារអាមេរិក ពីក្រុមហ៊ុនដើម្បីបានប្រាក់នេះយកទៅចាត់ចែងធ្វើបុណ្យសពផង និងព្យាបាលជំងឺអ្នករងរបួសផង ។
សូមរម្លឹកជូនថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ស្រ៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ «អ្នកស្លាប់» និងម្នាក់ទៀតឈ្មោះ វុធ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្តដឹកសិស្ស ស្នាក់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានជិះទោចក្រយានយន្ត ម៉ាកសង់កូរ៉េពណ៌ក្រហមមួយគ្រឿងក្នុងទិសដៅពីជើងទៅត្បួងតាមផ្លូវលេខ២១៧ ។ លុះមកដល់ចំណុចមុខវិទ្យាល័យទួលអំពិល ស្រាប់តែរថយន្តក្រុមហ៊ុនសំរាមស៊ីនទ្រីគ្មានពាក់ស្លាកលេខ តែមានដាក់លេខរៀងទី២៤១ មួយគ្រឿងបើកបរដោយឈ្មោះ ផន់ ឃន់ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរយានដ្ឋានក្រុមហ៊ុនសំរាមស៊ីនទ្រី ក្នុងទិសដៅពីត្បួងទៅជើងបុកមកលើទោចក្រយានយន្តពេញទំហឹងតែម្តង បណ្តាលឲ្យអ្នកជិះដួលបោកក្បាលហូរឈាមតាមច្រមុះនិងតាមក្បាលនិងទទួលរងការស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់ ។
សាក្សីឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា រថយន្តក្រុមហ៊ុនសំរាមស៊ីនទ្រីដែលជារថយន្តបង្កនោះនៅក្រោយពេលកើតហេតុភ្លាមៗមិនបានឈប់រថយន្តទេ គឺបានបន្ថែមល្បឿនបើករត់ឆ្ពោះទៅទិសខាងជើងបានចម្ងាយជាង១គីឡូមែត្រ ទើបសមត្ថកិច្ចឃាត់ជាប់ហើយចាប់វាយខ្នោះអ្នកបើកបររថយន្តបង្កនោះតែម្តង រីឯទាំងរថយន្តបង្ក ទាំងទោចក្រយានយន្តជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៃច្បាប់ ។
សាច់ញាតិគ្រួសារជនរងគ្រោះបាននិយាយឲ្យដឹងថា ពួកគាត់ព្រមព្រៀងទទួលសំណងចំនួន២.៤០០ដុល្លារអាមេរិក ពីក្រុមហ៊ុនសំរាមស៊ីនទ្រី ជាថ្នូរនឹងការមិនប្តឹងផ្តល់បន្តនិងបិទបញ្ចប់សំណុំរឿងត្រឹមនេះ ដោយសារពួកគាត់ខ្វះខាងប្រាក់យកទៅធ្វើបុណ្យសពផង និងព្យាបាលជំងឺអ្នករងរបួសធ្ងន់ធ្ងរនោះផង ។
ដូច្នេះ រួមសេចក្តីមក ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តក្រុមហ៊ុនសំរាមស៊ីនទ្រីដែលបុកមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរនោះ គឺត្រូវបានបិទបញ្ចប់សំណុំរឿងត្រឹមបង់ប្រាក់សំណងអាយុជីវិតមនុស្សតម្លៃ២.៤០០ដុល្លារអាមេរិក ៕
Source from: www.dtn7.com

Loading...
Loading...