សន្តិសុខហាងខារ៉ាអូខេយ៊ីហោកូប្រា នៅខេត្តព្រះសីហនុ ថ្លើមធំហ៊ានលួចយករថយន្តភ្ញៀវបើករត់ចេញពីខេត្តព្រះសីហនុ មកដល់ចំណុចស្ពានព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ជនសង្ស័យបានរេចង្កូតរថយន្តជ្រុលទៅបុកក្បាលស្ពានទៅមុខលែងរួចក៏ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុតាមប្រដេញយ៉ាងប្រកិតចាប់បានមកវិញ តែរថយន្តទទួលរងខូចខាតខ្ទេចផ្នែកខាងមុខអស់។
ករណីលួចរថយន្តនេះ បានកើតឡើងនៅហាងខារ៉ាអូខេកូប្រា ឋិតនៅឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាវេលាម៉ោងប្រមាណ០៣ ទៀបភ្លឺ ឈានចូលព្រឹកថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ហើយរថយន្តភ្ញៀវដែលជនសង្ស័យបានលួចយកនោះម៉ាក KADILLAC ពណ៌ទឹកប៊ិក ស៊េរីឆ្នាំ២០០៤ មិនទាន់មានពាក់ស្លាកលេខនៅឡើយ។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថាករណីនេះជនសង្ស័យម្នាក់ត្រូវចាប់ខ្លួនបានហើយតែមានការពាក់ព័ន្ធជាមួយនឹងបក្ខពួកម្នាក់ទៀតនៅខេត្តកំពត ដែលសមត្ថកិច្ចកំពុងតាមប្រមាញ់នៅឡើយ។ ដូច្នេះ សមត្ថកិច្ចសុំលាក់អត្តសញ្ញាណជនសង្ស័យសិន ដ្បិតមុខសញ្ញាមិនទាន់ចាប់ឃាត់ខ្លួនអស់៕
Source from: www.dtn7.com

Loading...
Loading...