ខេត្តកំពង់ចាម ៖ ដោយសារតែតូចចិត្ដនឹងមិត្ដរួមការងារ លួចបើកលុយប្រាក់ខែអស់ ៣០ម៉ឺនរៀល មិនមានសោហ៊ុយធ្វើដំណើរទៅស្រុក យុវជនម្នាក់បានដាច់ចិត្ដលោតទឹកសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា នាក្រុងកំពង់ចាមប៉ុន្ដែបានទើលើខ្សែកាប នៅខាងក្រោមស្ពាន ក៏ត្រូវបានប្រជាពលរដ្ឋឃើញទាន់រាយការណ៍ ជូនសមត្ថកិច្ចជួយសង្គ្រោះ ស្រង់មកលើគោកវិញ កាលពីវេលាម៉ោង ១១និង៣០ នាទីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣។
យុវជនដែលគិតខ្លីមានឈ្មោះ ដា វណ្ណៈ អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិស្លា ឃុំទន្លូង ស្រុកមេមត់ ខេត្ដកំពង់ចាម បានឲ្យដឹងថា ក្រោយចាកចេញពីស្រុកកំណើត ខ្លួនបានទៅធ្វើជាកម្មករនៅ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។ ប៉ុន្ដែក្រោយពេលពីបានធ្វើ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ជាថ្ងៃបើកប្រាក់ខែ ស្រាប់តែមិត្ដរួមការងារលួចបើកប្រាក់ខែរបស់ខ្លួន ចំនួន ៣០ម៉ឺនរៀល ហើយគេចខ្លួនទៅស្រុកបាត់ ។
យុវជនរងគ្រោះដែលមានលុយកាក់តិចតួច ក្នុងហោប៉ៅបានជិះរថយន្ដឈ្នួល ទៅស្រុកកំណើតនៅឯស្រុកមេមត់ ប៉ុន្ដែពេលមកដល់គល់ស្ពានគីហ្សូណា ម្ចាស់រថយន្ដឈ្នួលបានទម្លាក់ចោល ដោយសារតែអត់មានលុយជិះបន្ដទៅទៀត ។ ហេតុការណ៍នេះបាននាំឲ្យឈ្មោះ ដា វណ្ណៈ ដើរទៅលើស្ពាន ដោយគ្មានលុយមួយកាក់មួយសេន ក៏បែកគំនិតចង់សម្លាប់ខ្លួន ក៏ដោះស្បែកជើងបោះចោល ទៅក្នុងទឹក ហើយបន្តដោះអាវ និងលោតទៅតាមក្រោយ ក៏បានទើនៅលើខ្សែកាប រត់ខ្វាត់ខ្វែងក្រោមស្ពាន មិនធ្លាក់ចូល ទៅក្នុងទឹកស្លាប់នោះឡើយ៕
Source from: watphnom-news.com

Loading...
Loading...