ខេត្តកោះកុង ៖ ក្នុងរយៈពេលកន្លងមកនេះ នៅលើទឹកដីខេត្តកោះកុង មានស្តេចត្រាញ់រកស៊ីឈើគ្រញូង កំពុងតែបញ្ចេញសកម្មភាព យ៉ាងខ្លាំងក្លានៅលើកោះអៅវៅ ស្ថិតក្នុងតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ហើយនៅចំណុចកោះអៅវៅ ឬកោះកុងក្រៅ មានមន្ត្រីយោធាឈរជើងនៅទីនោះ ប៉ុន្តែក្រុមឈ្មួញរកស៊ីគ្រញូង ក៏បោះទីតាំងនៅទីនោះបានយ៉ាងសុខស្រួលផងដែរ ព្រោះថាមន្ត្រីយោធា គឺជាអ្នករកស៊ីឈើគ្រញូងនោះតែម្តង។
តាមប្រភពព័ត៌មានក៏បានបញ្ជាក់ថា លោក អែម ចន្ថា ដែលមានតួនាទីជា មេបញ្ជាការរងវរនាយទាហានជើងទឹក កងពលតូចលេខ២ គឺជាឈ្មួញរកស៊ីឈើគ្រញូងដុះស្លែ នៅតំបន់នោះតែម្តង។ លោក អែម ចន្ថា មានទូកផ្ទាល់ខ្លួនសម្រាប់ដឹកជញ្ជូន ឈើគ្រញូងទៅលក់នៅប្រទេសវៀតណាម ហើយក៏មានឈ្មួញជាជនជាតិវៀតណាម មកដេកស្នាក់នៅក្នុងផ្ទះរបស់លោក អែម ចន្ថា ចាំទទួលទិញឈើគ្រញូង យ៉ាងគគ្រឹកគគ្រេងទៀតផង។
មន្ត្រីជំនិតមួយចំនួនបានលួចបង្ហើបឲ្យដឹងថា កាលពីដំបូងឡើយលោក អែម ចន្ថា គ្រាន់តែជាអ្នកប្រកបរបររកស៊ីលក់សាច់ជ្រូកតែប៉ុណ្ណោះ ហើយក្រោយមកលោក អែម ចន្ថា បានចាយលុយរត់ការចូលធ្វើជា យោធាជើងទឹក ហើយបានក្លាយជាមេឈ្មួញរកស៊ីឈើគ្រញូង ប្រចាំដែនសមុទ្រដ៏មានអំណាច។ ក្រៅពីលោក អែម ចន្ថា ក៏នៅមានឈ្មួញធំម្នាក់ទៀត ដែលកំពុងតែល្បីល្បាញ នៅទីនោះផងដែរគឺលោក សុខ គឹមហុង ហៅឡូ ដែលមានតួនាទី ជាអ្នកដឹកជញ្ជូនឈើគ្រញូង យកទៅស្តុកទុកនៅកោះអៅវៅ។
គួរបញ្ជាក់ថា វរកោះកុងក្រៅលេខ២ ដែលស្ថិតក្នុងខេត្តកោះកុង ស្ថិតក្រោមការគ្រប់គ្រង របស់លោក ទេព វុទ្ធី មានតួនាទីជាវរសេនីយ៍ឯក ហើយលោក ទេព វុទ្ធី ក៏បានចេញមុខកាងសកម្មភាពរកស៊ីឈើគ្រញូងនេះផងដែរ។ ឈើគ្រញូងទាំងអស់ត្រូវតែ ស្តុកទុកនៅលើកោះអៅវៅ ហើយមានតែលោក អែម ចន្ថា ម្នាក់គត់ទើបមានសិទ្ធិដឹកជញ្ជូន និងស្តុកទុក នៅតំបន់នេះ។ នៅពេលដែលឈើគ្រញូង ត្រូវបានប្រមូលយកមកស្តុកទុក បានច្រើនហើយ នោះគឺលោក អែម ចន្ថា មានភារកិច្ចដឹកបន្តយកទៅលក់នៅប្រទេសវៀតណាម។
លោក សុខ គឹមហុង ហៅឡូ គឺជាជើងកាងដ៏ល្បីល្បាញ សម្បើមណាស់នៅលើកោះអៅវៅ ហើយក៏ល្បីថា ជាមនុស្សកោងកាចទៀតផង។ លោកសុខ គឹហុង ក៏ធ្លាប់មានសំណុំរឿង យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងតុលាការខេត្តកោះកុង ដោយសារតែកន្លងមក គាត់ធ្លាប់បានវាយតប់ទៅលើ មន្ត្រីពេទ្យយោធាម្នាក់ឈ្មោះ ឌឿន ហើយក៏ធ្លាប់បានវាយគ្រូបង្រៀនម្នាក់ទៀត អោយរងរបួស ព្រមទាំងនៅមានករណីជាច្រើនទៀត។ បទល្មើសឈើគ្រញូងនៅលើកោះអៅវៅ មើលទៅគួរឲ្យភ័យខ្លាចបំផុត ដែលទាមទារឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះស្រាវជ្រាវនិងបង្ក្រាបជាបន្ទាន់៕
Source from: watphnom-news.com

Loading...
Loading...