ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ននេះសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ នៅក្នុងខេត្តមណ្ឌលគិរី គ្មាននរណាអើពើបង្ក្រាបទេ ហើយឈ្មួញរកស៊ីដឹកជញ្ជូនឈើ ភាគច្រើនជ្រកក្រោមស្បែកជា កម្លាំងប្រដាប់អាវុធ តួយ៉ាងលោក សាំង កុសលជាមេបញ្ជាការកងអនុសេនាធំទី៣ ប្រចាំស្រុកកោះញែក កំពុងក្លាយជាស្តេចត្រាញ់ ក្នុងការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួន គេមិនដែលឃើញលោក ឃិន ម៉េងស្រេង ជាមេបញ្ជាការយោធាខេត្តមណ្ឌលគិរី ហើបមាត់ម្តងណាឡើយ នាំឲ្យមតិជាច្រើនគិតឃើញថា ជំនួញឈើខុសច្បាប់របស់លោក សាំង កុសល ទំនងជាមានការបែងចែកផលប្រយោជន៍ ជូនថ្នាក់លើហើយមើលទៅ បានជាអ្វីៗចេះតែរលូនល្អ គ្មានការបង្ក្រាប។
សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរីបានឲ្យដឹងថា ក្រុមឈ្មួញធំៗរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ប្រចាំខេត្តដាច់ស្រយាលមួយនេះមិនច្រើនប៉ុន្មានទេ ហើយកើតចេញពីការចាត់តាំងពីមន្ត្រីដ៏ធំម្នាក់ ដែលមានសិទ្ធិអំណាចក្តោបក្តាប់យោធា នៅទូទាំងខេត្តមណ្ឌលគិរី គឺគេសំដៅថា ឈ្មួញរកស៊ីឈើខុសច្បាប់ ដែលជ្រកក្រោមស្បែកយោធា សុទ្ធសឹងជាមន្ត្រីក្រោមឱវាទរបស់លោក ឃិន ម៉េងស្រេង ដូច្នេះប្រសិនបើលោក ឃិន ម៉េងស្រេង ស្ងាត់ស្ងៀមទៅហើយនោះ គ្មាននរណាហ៊ានក្អកនោះទេ។ សិទ្ធិអំណាចរបស់មន្ត្រីយោធា នៅក្នុងខេត្តមណ្ឌលគិរីនេះធំខ្លាំងណាស់ ហើយមន្ត្រីយោធាខ្លះក៏ធ្លាប់មានប្រវត្តិ កេណ្ឌកូនទាហានរាប់រយនាក់ឲ្យចូលព្រៃកាប់ឈើ ដឹកជញ្ជូនយកទៅលក់នៅស្រុកយួន យ៉ាងអនាធិបតេយ្យ គេមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះទេ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា លោក សាំង កុសល បានឡើងតំណែងជាមេបញ្ជាការ កងអនុសេនាធំទី៣ ប្រចាំស្រុកកោះញែក រយៈពេលជាង ១ឆ្នាំមកហើយ ប៉ុន្តែគាត់បានក្លាយជាស្តេចត្រាញ់ ក្នុងការរកស៊ីដឹកជញ្ជូនឈើប្រណីត ចេញទៅស្រុកយួន គ្មាននរណាហ៊ានទៅក្បែរទេ បើទោះបីជាគាត់ប្រើរថយន្តរបស់យោធា ដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យក៏ដោយ។ សមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើ នៅទូទាំងខេត្តមណ្ឌលគិរី ទទួលបានផលប្រយោជន៍ដែលលោក សាំង កុសល បន្តក់ឲ្យជាប់ជាប្រចាំ ហើយបើចង់ចាត់វិធានក្តៅ បង្ក្រាបឈើរបស់មន្ត្រីយោធា ដោយគ្មានកិច្ចសហការពីលោក ឃិន ម៉េងស្រេង ក៏មិនអាចទៅរួចដែរ ដូច្នេះចេះតែទ្រាំរាប់ក្បាលឡានយកលុយ វាប្រសើរជាងទៅប៉ះទង្គិច ជាមួយកងកម្លាំងប្រដាប់អាវុធ។
ជាធម្មតាលោក សាំង កុសល បាននាំចេញឈើប្រណីតខុសច្បាប់ទៅកាន់ស្រុកយួន តាមច្រករបៀងព្រំដែន ក្នុងស្រុកកោះញែក មួយចំនួន ដូចជាប៉ុស្តិ៍អូរលាវ ប៉ុស្តិ៍១៤ និងប៉ុស្តិ៍ម្រេច ដែលច្រករបៀងទាំង ៣ខាងលើនេះ ក៏ស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ពីលោក សាំង កុសល ជាប្រធានកងអនុសេនាធំទី៣ នៃវរសេនាតូចការពារព្រំដែនលេខ១០៣ នៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី។ លោក សាំង កុសល រកស៊ីឈើខុសច្បាប់ ឡើងដុះស្លែទៅហើយប្រចាំខេត្តមណ្ឌលគិរី មានលុយរត់ការឡើងតំណែងជាមេបញ្ជាការ គ.៣ ប្រចាំស្រុកកោះញែក ដែលជាកន្លែងត្រូវប៉ាន់ ហើយលោក សាំង កុសល មានសិទ្ធិអំណាចគ្រប់គ្រងច្រករបៀងចំនួន៣ ខាងលើនេះ ងាយស្រួលក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួនគ្មាននរណាម្នាក់ហ៊ានទៅក្បែរទេ ប្រសិនបើគ្មានការអនុញ្ញាតពីលោក សាំង កុសល។
ប្រជាពលរដ្ឋមួយចំនួនបានសំណូមពរឲ្យលោក អ៊ុំ សុវណ្ណ ជាមេបញ្ជាការវរសេនាតូច ការពារព្រំដែនលេខ១០៣ ក៏ដូចជាលោក ឃិន ម៉េងស្រេង ជាមេយោធាខេត្តមណ្ឌលគិរី មេត្តាពិនិត្យមើលភាពអនាធិបតេយ្យ នៃការដឹកជញ្ជូនឈើខុសច្បាប់របស់លោក សាំង កុសល ឡើងវិញផង ដែលយ៉ាងហោចណាស់គួរតែបង្ហាញ ពីការយកចិត្តទុកដាក់អនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាល ក្នុងការបង្ការបង្ក្រាបនិងទប់ស្កាត់ ការដឹកជញ្ជូនឈើខុសច្បាប់ ដូចមានចែងក្នុងបទបញ្ជាលេខ០១ ។ ភាពស្ងៀមស្ងាត់របស់លោក អ៊ុំ សុវណ្ណ និងការបិទភ្នែករបស់លោក ឃិន ម៉េងស្រេង នាំឲ្យមតិជាច្រើនគិតឃើញថា ការដឹកជញ្ជូនឈើខុសច្បាប់របស់លោក សាំង កុសល ក៏មានការគាំទ្រពីថ្នាក់លើផងដែរ ព្រោះតែបញ្ហាផលប្រយោជន៍នោះឯង៕
Source from: watphnom-news.com

Loading...
Loading...