ខេត្ដសៀមរាប ៖ ជនសង្ស័យដែលជាមុខសញ្ញាចាស់ ធ្លាប់ជាប់គុកជាង ៣ឆ្នាំ ហើយតែងតែធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ របស់ប្រជាពលរដ្ឋ នៅក្នុងខេត្ដសៀមរាប ត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ នៅក្បែរផ្សារចាស់ ក្នុងសង្កាត់ស្វាយដង្គំ កាលវេលាម៉ោង៧ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយនាំទៅសួរចម្លើយ ដើម្បីវែកមុខបក្ខពួកផ្សេងទៀត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំទៅ ចង្អុលបង្ហាញភស្ដុតាងផ្សេងៗ នៅផ្ទះសំណាក់ព្រហ្មមាស ដែលជាកន្លែងស្នាក់នៅធ្វើសកម្មភាព ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចោមរោមមើលកកស្ទះ ចរាចរជាច្រើនម៉ោង។ ជនសង្ស័យដែល លួចកាច់សោកម៉ូតូនោះ មានឈ្មោះ យ៉េន ភីន ហៅក្រញាញ់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅខេត្ដកំពង់ធំ ធ្លាប់ជាប់គុក ៣ឆ្នាំនៅខេត្ដកំពង់ធំ ក្នុងបទល្មើសដូចគ្នានេះ ។
ឈ្មោះ យ៉េន ភីន ហៅក្រញាញ់ ទើបតែចេញពីគុកបាន ៤ខែ ហើយដើរធ្វើសកម្មភាព កាច់សោកម៉ូតូជាច្រើនលើក ប៉ុន្ដែពេលនេះអស់ល័ក្ខណ៍ ត្រូវសមត្ថកិច្ចក្របួចជាប់។ សមត្ថកិច្ចបានដកហូតវត្ថុតាង មួយចំនួនដូចជាកាំភ្លើងខ្លី ៥៤មួយដើម, បង់មួយ, គ្រាប់ចំនួន៤, ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ២គ្រឿង គឺមួយគ្រឿងពាក់ស្លាកលេខ សៀមរាប 1J-6571 ស៊េរី២០១០ និងមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1AG-6055 ស៊េរី២០០៨ ឡើងតែម២០១២ និងស្លាកលេខបន្ទាយមានជ័យ 1G-0808 ព្រមទាំងឧបករណ៍សម្រាប់ធ្វើសកម្មភាព កាច់សោ.ក ម៉ូតូជាច្រើនទៀតផងដែរ៕
Source from: watphnom-news.com

Loading...
Loading...